កម្ពុជា គាំទ្រសន្និសីទក្រុងប៉ារីស ស្តីពីសមភាពរវាងស្ត្រី និងបុរស លើកទី២៥
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ បារាំងនឹងរៀបចំសន្និសីទស្តីពីសមភាពរវាង ស្ត្រី និងបុរស ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលប្រទេសនៅអឺរ៉ុប បានធ្វើកិច្ចការនេះអស់រយៈពេល២៥ឆ្នាំកន្លងទៅ។ ក្នុងនោះក៏នឹងត្រូវអញ្ជើញស្ត្រីជាថ្នាក់ដឹកនាំកម្ពុជាទៅចូលរួមផងដែរ។
នេះជាការលើកឡើងរបស់លោកជំទាវ អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ខណៈពេលជួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី៨ ខែមករា នេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានគាំទ្រចំពោះសន្និសីទនេះ និងបានរំលឹកថា កាលពីឆ្នាំ១៩៩៥ លោកជំទាវ ធ្លាប់ដឹកនាំប្រតិភូស្ត្រីជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងពេលបើកសន្និសីទនេះជាលើកទី១ តែសម្រាប់ឆ្នាំនេះ សង្ឃឹមថាយើងនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជាការវិវត្តន៍នូវគំនិត សមត្ថភាពរបស់ស្ត្រីនៅលើសកលលោក។
លោកជំទាវ អេវ៉ា ង្វៀនប៊ិញ បានចាប់អារម្មណ៍អំពីតួនាទីរបស់ស្ត្រីកម្ពជា ក្នុងវិស័យនយោបាយ និងគ្រប់ស្ថាប័នរបស់ជាតិ ក្នុងពេលបច្ចុប្បន្ន ដែលមានអត្រាកើនឡើងគួរឲ្យកត់សំគាល់ សបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីខ្លួនឯងកំពុងមានសមត្ថភាពគ្រប់គ្រាន់ ងាយស្រួលសំរាប់ថ្នាក់ដឹកនាំបំពេញ ឬតំឡើងតួនាទីជូនដល់ស្ត្រី។
ពាក់ព័ន្ធបញ្ហានេះ លោកជំទាវ ម៉ែន សំអន បានប្រាប់លោកជំទាវអគ្គរដ្ឋទូតបារាំង ពីស្ថានភាព និងតួនាទីរបស់ស្ត្រីកម្ពុជា ក្រោមការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមិនត្រឹមតែលើកកំពស់តួនាទីស្ត្រីក្នុងស្ថាប័នរដ្ឋ និងនយោបាយប៉ុណ្ណោះទេ គឺបានជំរុញឲ្យស្ត្រីជាកសិករ កម្មករ និងវិស័យឯកជន មានឱកាសពង្រីកសមត្ថភាព ដើម្បីចូលបំរើការឲ្យបានកាន់តែច្រើនពង្រីកបាននូវជីវភាព។
លោកជំទាវឯកអគ្គរដ្ឋទូតបារាំង បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ក្នុងការបន្តជួយដល់កម្ពុជា លើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យជាច្រើនទៀត ពិសេសបន្តកសាងវិស័យទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងកាប្រារព្វខួបលើកទី៥០ នៃប្រទេសប្រើប្រាស់ភាសាបារាំងហ្វ្រង់កូហ្វូនី។ ដោយឡែករដ្ឋាភិបាលបារាំង ក៏មានការកែសម្រួល ការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា ដែលមានបំណងទៅកាន់ប្រទេសបារាំង និងប្រទេសនៅតំបន់អឺរ៉ុបឲ្យកាន់តែងាយស្រួលបន្ថែមទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតបារាំងក៏បានសាទរ ចំពោះកម្ពុជា សំរាប់ឆ្នាំ២០២០នេះ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលក្នុងនោះរដ្ឋាភិបាលបារាំង មានតួនាទីយ៉ាងសំខាន់ក្នុងការសម្រប សម្រួល ដើម្បីឲ្យប្រទេសហភាពអឺរ៉ុបមកកាន់កម្ពុជា ៕ ដោយ៖ សំរិត