Dj Mini ត្រូវបានឃាតករមកជាមួយគ្នា បាញ់សម្លាប់ ក្នុងភោជនីយដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ
ភ្នំពេញ៖ សិល្បករកម្ពុជា បានឲ្យដឹងថា បុរសម្នាក់ដែលគេស្គាល់ថាជាឌីជេ (Dj Mini) នៅ UrBanBeer House BKK បានដើរចូលទៅអង្គុយក្នុងភោជនីយដ្ឋានមុន មិនទាន់បានកុម្មង់អ្វីផង ស្រាប់តែត្រូវខ្មាន់កាំភ្លើង ដែលមកជាមួយគ្នា ដើរចូលមកតាមក្រោយបាញ់ប្រហារ ១គ្រាប់ ចំសៀតផ្កា បណ្ដាលឲ្យស្លាប់ផ្ដាប់មុខទៅលើតុពិសេស ជាន់ផ្ទាល់ដីក្នុងភោជនីយដ្ឋាន ហេបភីណេស Happiness (ស៊ុប និងខារ៉ាអូខេគ្រួសារ) លើផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ឃាតករ បានបោះកាំភ្លើងចូលក្រោមតុ រួចនាំគ្នាគេចខ្លួនបាត់ ដោយមិនដឹងមូលហេតុ។
ហេតុការណ៍៍នេះ កើតឡើងនៅក្នុងនៅភោជនីយដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ លើផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅម៉ោង៤ជាងទៀបភ្លឺថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ។
បើតាមបុគ្គលិកក្នុងហេតុ ដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀត ដែលជាជនដៃដល់ បានជិះរថយន្តម៉ាក Camry បាឡែន មកជាមួយគ្នាដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាងតាមក្រោយ ហើយទាញកាំភ្លើងបាញ់ចំសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់អង្គុយក្រាមលើតុ។
បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត កំពុងជិះម៉ូតូ១គ្រឿង រង់ចាំ មកទទួល បើកគេចខ្លួនបាត់៕