បញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោហ៊ុនសែន តាំងពិព័រណ៍សព្វាវុធយោធាទំនើបៗ
ភ្នំពេញ៖ បញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោហ៊ុនសែន បានរៀបចំការតាំងពិព័រណ៍សព្វាវុធយោធា របស់បញ្ជាការដ្ឋានអង្គរក្ស ដាក់ជូនប្រជាពលរដ្ឋចូលទស្សនា ដើម្បីចូលរួមអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩ ២០២០) ក្រោយអធិបតីភាពលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាក្រុងតាខ្មៅ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍សព្វាវុធយោធារបស់បញ្ជាការដ្ឋានអង្គរក្សថ្ងៃនេះ មិនមែនជាការបង្ហាញសាច់ដុំអ្វីនោះទេ គឺជាការដាក់តាំងពិព័រណ៍ជូនប្រជាពលរដ្ឋដែលមានមូលដ្ឋាន នៅជិតទីបញ្ជាការអង្គរក្ស ចូលទស្សនាកម្សាន្តឱ្យដឹងពីតួនាទីភារកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្ស គឺការពារជាតិ សាសនា ព្រះមហាក្សត្របូរណភាពទឹកដី និងការពារសុខសុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការរៀបចំដាក់តាំងបង្ហាញ ពីការយកចិត្តទុកដាក់ថែទាំសម្ភារៈបច្ចេកទេស អាវុធយុទ្ធភណ្ឌនៅតាមកងអន្តរាគមន៍នីមួយៗ ដែលក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានប្រគល់ជូនឱ្យបានត្រឹមត្រូវ តាមការនែនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាពិសេសដើម្បីចូលរួម អបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩ ២០២០) រសៀលថ្ងៃទី៨មករា នៅទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំងក្រុងតាខ្មៅខេត្តកណ្ដាល។
លោក ណុប រត្ថ័និមល ក៏បានរំលឹកថា ថ្ងៃជ័យជម្នះ៧មករា ជាថ្ងៃកំណើតទី២របស់យើង បើគ្មានថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជាទាំងអស់មិនមានជីវិតរស់នៅបានមើលឃើញ នូវការអភិវឌ្ឍប្រទេសជាតិ ដូចសព្វថ្ងៃនេះទេ ។ ដោយសារនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហម រលំរលាយ បង្រួបបង្រួមជាតិ ឯកភាពទឹកដី កងទ័ពជាតិតែមួយគ្មានតំបន់អបគមន៍ នាំលទ្ធិប្រជាធិប្បតេយ្យ និងការបោះឆ្នោត ដោយសេរីពហុបក្ស នៅកម្ពុជា នាំប្រទេសជាតិមានសុខសន្តិភាព ទូទាំងប្រទេស និងការអភិវឌ្ឍជាបន្តបន្ទាប់ កំណើនសេដ្ឋកិច្ចជាលំដាប់។ សន្តិភាពមានតម្លៃធំធេងណាស់ បើប្រទេសគ្មានសុខសន្តិភាព យើងគ្មានឱកាសដើម្បីកាសាង និងអភិវឌ្ឍន៍ប្រទេសបាននោះទេ។ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ លោកប្តេជ្ញាប្រឆាំងដាច់ខាតនូវការប៉ុនប៉ងណាមួយ របស់ជនអគតិមួយក្ដាប់តូចដែល ឈានទៅរកការបំផ្លាញជាតិសាសនា ព្រះមហាក្សត្រ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍន៍ជាតិ។ សូមរំលឹកថា បញ្ជាការដ្ឋានអង្គរក្ស ក្រៅពីមានតួនាទីភារកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ជូនសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងភ្ញៀវជាតិអន្តរជាតិ និងឥស្សរជន ថ្នាក់ដឹកនាំប្រទេសជាតិ និងបានចូលរួមដកស្ទូង ច្រូតកាត់បូមទឹក ជូនប្រជាពលរដ្ឋនៅពេលរាំងស្ងួត និងជាសេនាធិការ ឱ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំក្នុងការចុះជួយ ប្រជាពលរដ្ឋដែលជួបនូវការរង ដោយសារគ្រោះធម្មជាតិផ្សេងៗ។ ដើម្បីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បញ្ជាការដ្ឋានអង្គរក្ស មានពិធីតាំងពិព័រណ៍ប្រឡងចំម្រៀងបុរាណ សម័យ រាំលេងកម្សាន្តផងដែរ៕