ក្រសួងរៀបចំដែនដី ណែនាំឲ្យពង្រឹងការអនុវត្តច្បាប់ ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្ត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញនូវសេចក្តីណែនាំ ពង្រឹងការអនុវត្តច្បាប់ ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី មន្ទីររៀបចំដែនដី គ្រប់រាជធានី-ខេត្ត។
ក្នុងសេចក្តីណែនាំថ្មីនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះក្រសួងបានហាមដាច់ខាតមិនឱ្យអនុវត្តន៍លើការងាររួមមាន ហាមដាច់ខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នក សាងសង់ដែលគ្មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ ឬ រុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ។ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ឬលិខិតបិទ
ការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងសេចក្តីណែនាំនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ អនុវត្តន៍លើគោលការណ៍ និងវិធានការចំនួន៥ផ្សេងទៀតរួមមាន៖ លិខិតអនុញ្ញាតសាងសង់ ជួសជុល និងរុះរើ, លិខិតអនុញ្ញាតបើកការដ្ឋានសំណង់, ការរៀបចំការដ្ឋាន, ដំណើរការដ្ឋានសាងសង់ និងការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ មករា មានករណីបាក់រលំអគារនៅខេត្តកែប បណ្តាលឲ្យមនុស្សស្លាប់៣៦នាក់ និងរងរបួស២៣នាក់ ។ មុនការបាក់អគារនេះ កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីបាក់រលំអគារផងដែរ នៅព្រះសីហនុ ដែលពេលនោះ ធ្វើឲ្យកម្មករស្លាប់២៨នាក់ និងរបួស៤០នាក់៕