ជនបង្ក បង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រូវនាំយកមកសួរចម្លើយ នៅការិយាល័យចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១មករា២០២០នេះ បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរថយន្ត នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្នវត្ថុតាង និងជនបង្កត្រូវបាននាំយកមកសួរចម្លើយ និងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នឹងអនុវត្តន៍តាមនីតិវិធីបន្ត។
ក្រោយពីថ្ងៃកើតហេតុ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក រហូតមកដល់ថ្ងៃដដែល វេលាម៉ោង ២៣និង៥៧នាទីយប់ ជនបង្កការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានឃាត់ខ្លួនទាំងមនុស្ស និងរថយន្ត នៅស្រុកស្អាង ខេត្តកណ្ដាល ទីដែលជនសង្ស័យកំពុងលាក់ខ្លួនក្រោយបង្កហេតុ។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ។ ជនបង្កដែលកម្លាំងនគរបាលជំនាញតាមចាប់ខ្លួនបាននេះ ឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ក្នុងនោះសមត្ថកិច្ចដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Camry ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-0035 ដែលបង្កហេតុផងដែរ។
សូមជម្រាបថា ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ គឺជាអ្នកបើករថយន្ដផ្ទាល់តែម្ដង ហើយត្រូវជាពូរបស់ឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ ដែលជាម្ចាស់រថយន្ដ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ នៅផ្ទះដែលមានទីតាំងក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ដោយឡែក ឈ្មោះ ឆេង ម៉េងលី ដែលជាឈ្មោះនៅក្នុងប័ណ្ណសម្គាល់យានយន្ដនោះ គឺជាបងជីដូនមួយរបស់ ឆេង គីមលី ហើយមិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។
បន្ទាប់ពីឃាត់ខ្លួនជនបង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ដ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
រថយន្ដមួយគ្រឿង ម៉ាក Camry ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានក្រុមហ៊ុនចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តកាមរីហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្ដបានគេចខ្លួនបាត់៕