អ្នកញៀនល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍ ចំនួន១៤នាក់ ត្រូវនគរបាល ហៅមកអប់រំណែនាំ
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកស្នេហាបក្សីកីឡាដោយមានភ្នាល់ដាក់ប្រាក់ផងចំនួន១៤នាក់ ត្រូវបានហៅមកអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។
នៅរសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាវេលាម៉ោង១៤និង ២០នាទី នៅចំណុចក្រុមទី១០ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្មុំ ប៉ុស្តិ៍តាពូង ប៉ុស្តិ៍បឹងព្រីង បានចុះបង្រ្កាបករណីល្បែងស៊ីសង (បក្សីកីឡាជល់មាន់) តាមទូរទស្សន៍ដោយធ្វើការឃាត់ខ្លួនអ្នកនិយមទស្សនា និងឆ្លៀតចាក់ភ្នាល់ដាក់ប្រាក់ផងនោះ ចំនួន១៤នាក់ ភេទប្រុសរួមទាំងម៉ូតូចំនួន១២គ្រឿង ទូរទស្សន៍ម៉ាក LG ទំហំ៤៣អ៊ីងចំនួន១គ្រឿង។
ក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែង (បក្សីកីឡា) មានភ្នាល់ដាក់ប្រាក់ទាំង១៤នាក់ យកមកធ្វើការសាកសួររួចមក បានអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ហើយឲ្យវិលទៅលំនៅដ្ឋានវិញ៕