សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំ APPF
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែមករានេះ ដើម្បីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើក ទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា(APPF) តបតាមការអញ្ជើញពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។
សភាប្រទេសអូស្រ្តាលី រួមជាមួយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអូស្រ្តាលី និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងកង់បេរ៉ាជាច្រើន បានអញ្ជើញមកទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភាដល់ព្រលានយន្តហោះដោយក្តីគោរពស្រឡាញ់និងនឹករលឹកជាខ្លាំង។
សភាប្រទេសអូស្រ្តាលីទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះគឺ បន្តពីសភាកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំAPPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅខេត្តសៀមរាប។ កិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨ នឹងប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ មករា ស្អែកនេះ នាវិមានរដ្ឋសភាអូស្រ្តាលី ក្រោមអធិបតីភាព ឯកឧត្តម ដាវិត ហ្គ័រលី អគ្គទេសាភិបាលអូស្ត្រាលី និងឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។
ក្នុងនាមប្រធានAPPF លើកទី២៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធី បើកកិច្ចប្រជុំផ្លូវការលើកទី២៨នេះ។ បន្ថែមពីនេះ សភាអូស្រ្តាលី បានអញ្ជើញសភាកម្ពុជា ចែករំលែកបទពិសោធន៍ពីការដឹកនាំនិងរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិទៀតផង។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ៕