ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវ សាសនិកឥស្លាម នៅកម្ពុជា ទាំងអស់ចូលរួមថែរក្សា សុខសន្ដិភាព ប្រឆាំងដាច់ខាតបដិវត្ដពណ៌

69

 

ភ្នំពេញ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ អំពាវនាវដល់សាសនិកឥស្លាម នៅកម្ពុជា ទាំងអស់ឲ្យចូលរួមថែរក្សាសុខសន្ដិភាព ប្រឆាំងដាច់ខាតបដិវត្ដពណ៌ ពួកក្រុមជ្រុលនិយម ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវបែបនេះ កាលពីនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្នុងពិធីបិទការសូត្រលើកទី២៩ និងប្រឡងចាំមាត់លើកទី៣ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅនាបរិវេណវិហារធំ គីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំង ចំរេះ១ ខណ្ឌឫស្សីកែវ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការសាទរចំពោះប្រធានបទ«ឥស្លាម និងសេដ្ឋកិច្ច» ខណៈប្រធានបទនាឆ្នាំនេះ ពិតជាសមស្របទៅនឹងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែល លើកទឹកចិត្តដល់ប្រជាជនគ្រប់រូប ត្រូវរក្សាប្រពៃណី វប្បធម៌ ព្រមទាំងបណ្ដុះផ្នត់គំនិតខាងសេដ្ឋកិច្ចរបស់ខ្លួន ហើយក៏ជាការផ្សារភ្ជាប់ទ្រឹស្តី ដែលមានក្នុងគម្ពីរអាល់គូរអានទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលកំពុងលើកកម្ពស់គ្រប់វប្បធម៌ ជាតិសាសន៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខដុមនីយកម្មសាសនានៅកម្ពុជា និងការរួមចំណែកធ្វើឲ្យមានសុខសន្តិភាព សុវត្ថិភាព និងសុខដុមរមនានៅក្នុងសង្គមជាតិ។
លោកស្រីក៏បានអំពាវនាវដល់សាសនិកឥស្លាម នៅកម្ពុជាទាំងអស់ សូមចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ប្រឆាំងដាច់ខាតបដិវត្តពណ៌ និងរាល់សកម្មភាពដែលប៉ុនប៉ងជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់ជាតិ ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ។
ក្នុងនាមសម្តេចតេជោនាយរដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោក ជំទាវ ម៉ែន សំអន បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះជោគជ័យ និងលទ្ធផលល្អ ដែលសហគមន៍ខ្មែរឥស្លាមទទួលបាន ក្នុងការចូលរួមសូត្ររបស់បេក្ខជន-បេក្ខនារី តំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិកន្លងមក ដែលបានបង្ហាញថាកម្ពុជាពិតមែនតែជាប្រទេសតូច មានសាសនិកឥស្លាមតិចតួចបំផុត តែទទួលបាននូវលទ្ធផលល្អ អាចប្រកួតប្រជែងជាមួយប្រទេសធំៗ ដែលមានសាសនិកឥស្លាមច្រើន។
ស្ថិតនៅក្នុងកម្មវិធីនេះ លោកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាបានលើកឡើងថា ការរៀបពិធីសូត្រអាល់គូរអាននេះ បានធ្វើឡើងជារៀងរាល់ឆ្នាំហើយប្រធានបទខុសៗគ្នា ខណៈលើកនេះបានដាក់ប្រធានបទថ្មីគឺ «ឥស្លាម និងសេដ្ឋកិច្ច»។
សូមបញ្ជាក់ថា ពិធីដែលបានដំណើរការអស់រយៈពេលពីរថ្ងៃកន្លងទៅនេះ គណៈមេប្រយោគបានរកឃើញបេក្ខជន-បេក្ខនារីជយលាភីដូចខាងក្រោម៖
ជយលាភីសូត្រគម្ពីរអាល់គួរអានផ្នែកបុរស(ករី)៖
លេខ១ បានទៅលើករី សុះ សាន់សារី មកពីខេត្ត ព្រៃវែង លេខ ២ បានទៅលើករី សុបយ៉ាន អាលី មកពីខេត្តក្រចេះ លេខ ៣ បានទៅលើករី ម៉ាន យូ សុះ មកពីរាជធានីភ្នំពេញ។ ជ័យលាភីសូត្រគម្ពីរអាល់គួរអានផ្នែកនារី (ករីអះ)៖លេខ ១ បានទៅលើករីអះ ឯល ទ័រនីយ៉ាស់ មកពីខេត្តបាត់ដំបងលេខ២បានទៅលើករីអះ សាន់ សាក់ទីយ៉ះ មកពីខេត្តកោះកុង
លេខ ៣ បានទៅលើករីអះ ជិ ម៉ៃសុំ មកពីខេត្តក្រចេះ ។ ជយលាភីផ្នែកសូត្រចាំមាត់៖លេខ១ បានទៅលើករី ស្លេះ សាកី មកពីខេត្តកំពង់ចាមលេខ ២ បានទៅលើករីសាន់ រ៉ូសាលី មកពីខេត្តក្រចេះលេខ៣បានទៅ លើករី សា តាលីម មកពីខេត្តកំពង់ចាម៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង