កម្លាំងសមត្ថកិច្ច បង្ក្រាបទីតាំងស្តុក ទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាព ជាង៦៦តោន នៅទីតាំងក្នុងបុរីសៀងណាំ
សៀមរាប ៖ កំលាំងការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច សហការជាមួយ មន្ត្រីគយ និងរដ្ឋាករខេត្ត និង មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ក្រោមការដឹកនាំ និងសម្របសម្រួល ដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាព នៅទីតាំងក្នុងបុរីសៀងណាំ ស្ថិតនៅ អាគារផ្ទះ០២ ល្វែង គ្មានលេខ នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលម្ចាស់ផ្ទះឈ្មោះ សេង ពាល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ។
បើតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី 12 ខែមករាឆ្នាំ 2021 បានឲ្យដឹងថា
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានឆែកឆេរជាកស្តែង រកឃើញវត្ថុតាង បទល្មើសមានដូចជា ប្រភេទប្រេងឆា៖ ប្រេងឆា កានចំណុះ ២៥គីឡូក្រាម ចំនួន ១,១៤០កាន ស្មើ ២៧,៣៦០គីឡូក្រាម។ ប្រេងឆា ដបតូចចំណុះ ១០គីឡូក្រាម ចំនួន ១០០កេស ស្មើ១,០០០គីឡូក្រាម។ ប្រេងឆា ដបធំចំនួន ៩៧កេស ស្មើ ១,៦៩៧.៥គីឡូក្រាម។ ប្រេងឆា ចំណុះ ៥លីត្រ ចំនួន ៣កេស ស្មើ៥៧គីឡូក្រាម។
ចំំណែក ប្រភេទប័រ ៖ ប័រលឿង ចំណុះ ១៦គីឡូក្រាម ចំនួន ៥០កេស ស្មើ៨០០គីឡូក្រាម។ ប័រស ចំណុះ ២៥គីឡូក្រាម ចំនួន ១៧កេស ស្មើ ៤២៥គីឡូក្រាម។ មេនំប៉័ង ចំនួន ២១កេស ស្មើ២១០គីឡូក្រាម។
ចំណែកប្រភេទម៉្សៅ៖ ម៉្សៅមីសញ្ញាកូនសោទឹកក្រូច ចំនួន ១,១៥៣ការ៉ុង ស្មើ ២៨,៨២៥គីឡូក្រាម។ ម៉្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន ១៣០ការ៉ុង ស្មើ៣,២៥០គីឡូក្រាម។ ត្រីខកំប៉ុងរូបស្រីបីនាក់ ចំនួន ១១៩កេស ស្មើ ២,៣៨០គីឡូក្រាម។
សរុបវត្ថុតាងរូមទាំងអស់មានចំនួន ៦៦,០០៤.៥គីឡូក្រាម ស្មើ ៦៦តោន និង៤.៥គីឡូក្រាម។
ចំណែកវត្ថុតាង សមត្ថកិច្ចចម្រុះបានធ្វើចំណាត់ការគឺ ៖ មន្ត្រីកាំកុងត្រូល បានដកហូតសំណាកមួយចំនួន យកទៅធ្វើពិសោធន៍ ដើម្បីរកសារធាតុគីមីហាមឃាត់ និងបានធ្វើកំណត់ហេតុបិទទីតាំងបណ្តោះអាសន្ន។
ចំពោះវត្ថុតាងនៃបទល្មើសសមត្ថកិច្ចចម្រុះ បានប្រគល់ទៅឲ្យមន្ត្រីគយ និងរដ្ឋាករខេត្តសៀមរាប ចាត់ការទៅតាមនីតិវិធីនៃច្បាប់ស្តីពីគយ។
ជនសង្ស័យឈ្មោះ សេង ពាល ត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕