ជំរុញឲ្យអភិបាលខណ្ឌទំាង១៤ ពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាល អភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភំ្នពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ក្នុង រាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទំាង១៤ ពង្រឹងកិច្ចការពាររសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ក្នុង រាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត ការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបទៅលើគ្រឿងញៀន ដែលជាបញ្ហាដ៏ធំដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបង្ក្រាបឲ្យខាងតែបាន។
លោកបានអះអាងថា បញ្ហាល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឲ្យល្បែងស៊ីសង មានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង៕