ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យកងកម្លាំងប្រដាប់អាវុធ បង្ក្រាបបទល្មើសនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ

88

ត្បូងឃ្មុំ៖ អភិបាលខេត្តត្បូងឃ្មុំ ស្នើឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាបរាល់បទល្មើស នៅតាមបន្ទាត់ព្រំដែន ក៏ដូចជា នៅទូទាំងខេត្តត្បូងឃ្មុំ ការស្នើបែបនេះ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រង ច្រកទ្វារព្រំដែន និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពង្រឹងស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្តោយបន្ទាត់ព្រំដែន រវាងខេត្តត្បូងឃ្មុំ និងប្រទេសជិតខាង ដើម្បីទប់ស្កាត់រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងផលប៉ះពាល់នានាជាអវិជ្ជមាន។ ខេត្តត្បូងឃ្មុំ កន្លងមកសភាពការណ៍ ល្អប្រសើរ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ម្យ៉ាងទៀតសភាពការណ៍ តាមតំបន់ព្រំដែន ក៏មានការភាពស្ងាប់ស្ងាត់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផងដែរ។
រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែនក៏ដូចជា នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាប និងទប់ស្កាត់ភ្លាមៗ រាល់សកម្មភាពដែលបង្កឲ្យមានភាពអសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ ជាពិសេស បទល្មើសឆ្លងដែន និងរាល់ទំនិញចេញចូលខុសច្បាប់នានាផងដែរ។

លោកអភបាលខេត្ត បានណែនាំដល់មន្រ្តី និងកងកម្លាំងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍ នៅតាមតំបន់ព្រំដែនឲ្យបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ តាមរយៈការបង្កើតវិធានការប្រមែប្រមូលព័ត៌មានជាប្រចាំ ដើម្បីមានវិធានការទាន់ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង