ឃុំខ្លួនអនុប្រធានភូមិព្រែកជ្រៅ និងបក្ខពួក២នាក់ទៀត ក្លែងឯកសារប្រជាពលរដ្ឋរំលោភយកដី
កណ្តាល៖ អនុប្រធានភូមិព្រែកជ្រៅ និងបក្ខពួក២នាក់ទៀតត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក ងួន វុទ្ធី បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលបានក្លែងឯកសារសាធារណៈដើម្បីរំលោភយកដីផ្លូវរបស់អ្នកភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។
តុលាការសម្រេចឃុំខ្លួន ជនជាប់ចោទទាំង៣នាក់ ដាក់ពន្ធនាគារម្នាក់៦ឆ្នាំ និងសងជំងឺចិត្តទៅជនរងគ្រោះចំនួន២០លានរៀល។ ជនជាប់ចោទទាំង៣នាក់ ទី១៖ឈ្មោះ ជួប ផាត ភេទប្រុស អាយុ៤៧ឆ្នាំ, ទី២៖ឈ្មោះ អ៊ឹម សារឿន ភេទស្រី អាយុ៥០ឆ្នាំ អ្នកទាំង២ត្រូវជាប្តីប្រពន្ធ រស់នៅក្នុងភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៣៖ឈ្មោះ គង់ ដួង ភេទប្រុស អាយុ៥៩ឆ្នាំ ជាអនុប្រធានភូមិ រស់នៅក្នុងភូមិព្រែកជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនជាប់ចោទទាំង៣នាក់បាន រួមគំនិតគ្នាក្លែងឯកសារសាធារណៈ រំលោភយកដីផ្លូវ ចូលទៅកាន់ផ្ទះប្រជាពលរដ្ឋភូមិខាងលើ ដោយរំកិលផ្ទះជាន់ទៅលើផ្លូវ គោលបំណងរំលោភផ្លូវ ធ្វើជាដីកម្មសិទ្ធិ។
តាមកំណត់ហេតុរបស់តំណាងអយ្យការសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ដោយមានលោក ឆាយ លីហ៊ាង ជាក្រឡាបញ្ជីអមផងដែរ បានសាកសួរលម្អិតទៅលើឈ្មោះ អ៊ឹម សារឿន ហើយជនសង្ស័យបានសារភាពខ្លួន បានឲ្យលុយទៅឈ្មោះ គង់ ដួង ចំនួន២០ដុល្លារ ដើម្បីឲ្យគាត់ជួយចេញលិខិតបញ្ជាក់លើកម្មសិទ្ធិដីធ្លី។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១១ លោក គង់ ដួង ដែលខ្លួនមានតួនាទីជាអនុភូមិព្រែកជ្រៅ បានចេញលិខិតបញ្ជាក់ដីធ្លីមួយកន្លែង ដោយក្លែងស្នាមមេដៃ របស់សាក្សីឈ្មោះ អាន ចាន់ថុល និងឈ្មោះ ប៊ូ គីម។ ម្យ៉ាងវិញទៀត លោក គង់ ដួង ជាអនុភូមិក្លែងខ្លួនជាមេភូមិ ចុះហត្ថលេខា លើកម្មសិទ្ធិដីធ្លី ដែលជាបទល្មើសក្លែងឯកសារសារធារណៈ តាមមាត្រា៤៤ និងមាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សាលាដំបូងខេត្តកណ្តាល បានបើកជំនំជម្រះរឿងក្តីនេះ ដើម្បីរកយុត្តិធម៌ជូនទៅជនរងគ្រោះ ដែលមានលោក ងួន វុទ្ធី ជាចៅក្រមជំនំជម្រះ និងលោក សាយ សម្ភស្សសេរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសួរដេញដោល រួចចោទប្រកាន់ ទៅជនសង្ស័យទាំង៣នាក់ថា ក្លែងឯកសារសាធារណៈ ទើបលោក ងួន វុទ្ធី សម្រេចចេញដីការឃុំខ្លួនឈ្មោះ ជួប ផាត ដាក់ ពន្ធនាគារ៦ឆ្នាំ ចំណែក២នាក់ទៀត ឈ្មោះ អ៊ឹម សារឿន និងឈ្មោះ គង់ ដួង គឺត្រូវបានកាត់ទោសដោយកំបាំងមុខ ដាក់ពន្ធនាគារម្នាក់ៗ៦ឆ្នាំដូចគ្នា និងតម្រូវឲ្យរួមគ្នាសងជំងឺចិត្ត ដល់ជនរងគ្រោះ២០លានរៀល៕