ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក បញ្ជូនប្រជាពលរដ្ឋ នៅតាមដងទន្លេសេកុង ទៅរកទីទួលសុវត្ថិភាព ករណីបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ

209

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ក្នុងខេត្តស្ទឹងត្រែង និងជាពិសេស ដែលកំពុងរស់នៅតាមបណ្តោយដងទន្លេនានា និងតាមដងទន្លេសេកុង មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការឲ្យបានខ្ពស់បំផុត ព្រមទាំងជួយផ្តល់ព័ត៌មាន ឲ្យបានឆាប់បំផុត ដល់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានទឹកជំនន់ឡើងខ្លាំង។

ការចេញមកអំពាវនាវរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើឡើងក្នុងពេលដែលខេត្តស្ទឹងត្រែង កំពុងទទួលការជន់លិចខ្លាំង ដោយសារទឹកហូរធ្លាក់ពីប្រទេសឡាវ ដោយសារការបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ។

ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ត្រូវរៀបចំដាក់ចេញនូវផែនការសរុប វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ដែលរងផលប៉ះពាល់ទាំងអស់ឲ្យបានទាន់ពេលវេលា និងធានាបានប្រសិទ្ធភាពខ្ពស់បំផុត។

ជាមួយគ្នានេះលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក៏បានដឹកនាំកងកម្លាំងគ្រប់ប្រភេទ នៅក្នុងខេត្តស្ទឹងត្រែង ចុះទៅកាន់ស្រុកសៀមប៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព៕

 

អត្ថបទដែលជាប់ទាក់ទង