គ្រោះថ្នាក់ចរាចរថ្ងៃទី២៤ កក្កដា ស្លាប់៤នាក់ របួស១១នាក់ ខណៈរយៈពេល២៤ថ្ងៃ មនុស្សស្លាប់ ១០០នាក់ របួស ២៧០នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក(យប់៧លើក) បណ្តាលឲ្យស្លាប់ ៤នាក់(ស្រី២នាក់) របួសធ្ងន់ ៨នាក់(ស្រី២នាក់) របួសស្រាល ៣នាក់ មិនពាក់មួកសុវត្ថិភាពេលគ្រោះថ្នាក់៧នាក់(យប់៤នាក់) ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូ ៩គ្រឿង រថយន្តតូច ៦គ្រឿង រថយន្តធំ ១គ្រឿង និងកង់ ១គ្រឿង ។មូលហេតុដែលបណ្តាល មកពី ល្បឿន ៦លើក(ស្លាប់៣នាក់) , ប្រជែង ១លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ២លើក ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ៤លើក រថយន្តធំ ១លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តរតនគិរី ២លើក ស្លាប់១នាក់ របួស៥នាក់(ស្រី២នាក់), ក្រចេះ ១លើក ស្លាប់១នាក់(ស្រី), ស្ទឹងត្រែង ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តសៀមរាប ១លើក ស្លាប់១នាក់ របួស១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៤ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ កើតឡើងចំនួន ១៧០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១០០នាក់ របួសសរុប ២៧០នាក់ របួសធ្ងន់ ១៦១នាក់ របួសស្រាល ១០៩នាក់ ៕