ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងប្រទេស៥២ នៃទ្វីបទាំង៥ នឹងចូលរួមសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ កក្កដា

87


ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ មានក្រុមអ្នកសង្កេត​ការណ៍​ជាតិ​ចំនួន ១០៣៦នាក់ មកពី៩៣ អង្គការ សមាគមនៅទូទាំងរាជធានី ខេត្ត និងក្រុមអ្នកសង្កេត​ការណ៍​អន្តរជាតិ​ចំនួន ២២០នាក់តំាងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥ នៅលើពិភពលោក នឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ក្រៅពីការចុះសង្កេតការណ៍ដោយផ្ទាល់ តាមការិយាល័យបោះឆ្នោតនានា ក្នុងរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្ត ក្រុមអ្នកាង្កេតការណ៍អន្តរជាតិ ក៏នឹងគ្រោងចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំនៃស្ថាប័នកំពូលមួយចំនួន ព្រមទាំងជួបពិភាក្សា ការងារជាមួយភាគីពាក់ព័ន្ធផ្សេងៗ។

បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោត ក្នុងនាមជាសាក្សីដែលបានចុះទៅសង្កេតដោយផ្ទាល់ នៅតាមការិយាល័យបោះឆ្នោត។

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ​ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលជាអ្នកសម្របសម្រួលការងារអ្នក​សង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ រៀបចំពិធីផ្តល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន អំពីកា​រចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចេញសេចក្តីប្រកាស នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ពីការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួល ការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ បានលើកឡើងថា អង្គការជាតិ និងអន្តរជាតិ បានស្នើសុំចូលរួមសង្កេតការណ៍ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ តាមរយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ដើម្បីងាយស្រួលបានចូលរួមក្នុងការងារសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបំពេញបែបបទ នីតិវិធី ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា។

វ.ស.ស. ដើរតួនាទីស្នូលក្នុងការសម្របសម្រួលការងារ របស់ គណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលជាយន្តការមួយមានការចូលរួមសហការយ៉ាងទូលំទូលាយពីអង្គការស្ថាប័នផ្សេងៗ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគ.ជ.ប. ដើម្បីធានាឲ្យការការងារសង្កេតការណ៍ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងត្រឹមត្រូវតាមច្បាប់ជាធរមាន។
លោកប្រធានបានគូសបញ្ជាក់ថា បេសកកម្មពិសេសរបស់គណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ គឺដើម្បីធានាបាននូវភាពជាម្ចាស់ និងសិទ្ធិស្វ័យសម្រេចជាអធិបតេយ្យរបស់ប្រជាពលរដ្ឋកម្ពុជាលើជោគវាសនារបស់ប្រជាជាតិ តាមរយៈការសម្របសម្រួលឱ្យមានការចូលរួមយ៉ាងទូលំទូលាយ ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបណ្តាញសារព័ត៌មាន ក្នុងការពិនិត្យ និងធ្វើជាសាក្សីផ្ទាល់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ទៅតាមមាគ៌ាដ៏ត្រឹមត្រូវ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននៅកម្ពុជា គឺជាបេសកកម្មចម្បងរបស់គណៈកម្មការសម្របសម្រួលនេះ។

អង្គការ ស្ថាប័នអន្តរជាតិដែលនឹងចូលរួមសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា នាពេលនេះ ជាអង្គការស្ថាប័នធំៗ ដែលមានបទពិសោធន៍ចូលរួមសង្កេតការណ៍ បោះឆ្នោតជាច្រើនប្រទេសនៅលើពិភពលោក ដែលមានដូចជា សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties) ដែលហៅកាត់ថា ICAPP គឺជាស្ថាប័នមួយ បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នារវាងបណ្តា គណបក្សនយោបាយ ក្នុងតំបន់ដែលមានមនោគមវិជ្ជាខុសៗគ្នា និងបង្កើនការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងរង្វង់ប្រទេស និងប្រជាជនក្នុងតំបន់។ គិតមកត្រឹមដើមឆ្នាំ២០១៨នេះ ICAPP មានសមាជិកចំនួន ៣៥៥ គណបក្សនយោបាយ មកពី៥២ប្រទេស និង១ដែនដី។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ដែលហៅកាត់ថា CDI។ CDI គឺជាអង្គការមួយដែលមានគណបក្សនយោបាយចំនួន ៧៤ ជាសមាជិក មកពី ៦៣ប្រទេស និងគណបក្សនយោបាយចំនួន១២ ជាអ្នកសង្កេតការណ៍ និងដែលបានបង្កើត ឡើងនៅឆ្នាំ១៩៦១។

ក្រៅពីអង្គការ ស្ថាប័នធំៗទំាងនេះ នៅមានអង្គការ សមាគមធំៗមកពីទ្វីបអឺរ៉ុប អាស៊ី មួយចំនួនទៀត ដែលនឹងមានវត្តមានធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ដែលដូចជា អន្តរសភាអាស៊ាន ដែលហៅគាត់ថា AIPA សភាតំបន់អាស៊ី ដែលហៅកាត់ថា APA និងក្រុមសភានិយាយភាសាបារំាង ដែលហៅកាត់ថា APF ដែលនឹងចូលរួមសង្កេតការណ៍ បោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ តាមរយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ចំណែកអង្គការ សមាគមជាតិ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត តាមរយៈគណៈកម្មការសម្របសម្រួលការងារ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នោះវិញ ជាសង្គមស៊ីល ដែលធ្វើការខាងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអភិវឌ្ឍ សុខភាព កសិកម្ម និងអប់រំ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង