ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តដឹកនាំកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបញ្ជូនទៅ ជម្លៀសប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងរកទីទួលសុវត្ថិភាព

101

ខេត្តស្ទឹងត្រែង៖លោកអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទាំងយប់ទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងករណីបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ ស្ថិតនៅខេត្តអតាពើ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ហើយត្រូវហូរចូលមកក្នុងទន្លេសេកុង ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង នៅយប់ថ្ងៃអង្គារ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថា៖កាលពីល្ងាចថ្ងៃដដែលនេះរដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលកំពុងរស់នៅតាមបណ្តោយដងទន្លេនានា មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការឲ្យបានខ្ពស់បំផុត ព្រមទាំងជួយផ្តល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានទឹកជំនន់ឡើងខ្លាំង។

ការចេញមកអំពាវនាវរបស់រដ្ឋបាលខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើឡើងក្នុងគ្រាដែលខេត្តស្ទឹងត្រែងកំពុងទទួលការជន់លិចខ្លាំង ដោយសារទឹកហូរធ្លាក់ពីប្រទេសឡាវ ដោយសារការបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ។

ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ត្រូវរៀបចំដាក់ចេញនូវផែនការសរុប វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ដែលរងផលប៉ះពាល់ទាំងអស់ឲ្យបានទាន់ពេលវេលា និងធានាបានប្រសិទ្ធភាពខ្ពស់បំផុត៕

 

អត្ថបទដែលជាប់ទាក់ទង