ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី ចៅ  ប្រាយ៉ា-មេគង្គ

244

ភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេស និងសហការ ប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥-១៧ មិថុនា ឆ្នាំ២០១៨ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំអាយ៉េយ៉ារ៉ាឌី ចៅ ប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ច ប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុង បាងកក ប្រទេសថៃ ។

ឥស្សរជនកម្ពុជា ដែលនឹងអញ្ជើញអមដំណើរសម្តេចនាយករដ្ឋមន្ត្រីរួមមាន ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប៉ាន ់សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក បណ្ឌិត សាយ សំអាល់ រដ្ឋ មន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ។

កិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍មេគង្គដែលមានសមាហរណកម្ម និងការតភ្ជាប់” នឹងត្រូវដឹកនាំដោយ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ដែលជាប្រធានកិច្ចប្រជុំ។

ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ឯកសារសំខាន់ចំនួនបីដែលនឹងត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន៖ ១. បញ្ជីគម្រោងអាទិភាព, ២.ផែនការមេ ACMECS ២០១៩-២០២៣ និង ៣. សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមផងដែរ នៅក្នុងវេទិកា នាយកប្រតិបត្តិ ACMECS (ACMECS CEO Forum) ដោយក្នុងឱកាសនោះ សម្តេចតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS និងការធ្វើសមាហរណកម្ម។

សេចក្ដីជូនព័ត៌មានបានឱ្យដឹងទៀតថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលនឹងមានការចូលរួមពីសំណាក់ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក អ៊ូ វីន ម្ញីនត៍ (U Win Myint) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក ដាតុ លីម ចូក ហួយ(Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ផងដែរ។ ក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមកិច្ចក្នុងប្រជុំកំពូល CLMV លើកទី៩ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយនិងពិភាក្សារិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឱ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នេះ នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ហើយបន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ។
គួរកត់សម្គាល់ថា ប្រទេស CLMV មានការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយសារថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងសម្របសម្រួលដើម្បីឱ្យមានសេរីភាវូបនីយកម្ម ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច គួបផ្សំជាមួយនិងកត្តាលើកទឹកចិត្តផ្សេងៗទៀត ដូចជាតម្លៃពលកម្មទាប អំណោយផលនៃប្រជាសាស្រ្ត ក៏ដូចជាទីតាំងភូមិសាស្រ្តមាន លក្ខណៈយុទ្ធសាស្រ្ត។ ក្រៅពីការអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹកជាមួយ លោក ថងលូន ស៊ីស៊ូលីត និងលោក ង្វៀន សួនហ្វ៊ុក ផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅ និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងថៃ៕

អត្ថបទដែលជាប់ទាក់ទង