កម្លាំងមានសមត្ថកិច្ចប្រមាណជិត៥០០០នាក់និងដាក់ពង្រាយដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដានេះ
ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ
ប្រមាណជិត៥០០០នាក់និងដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗមួយចំនួនដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ។
នេះបើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយជួន សុវណ្ណ អគ្គស្នងការរងនរគបាលជាតិនិងជា
ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងពិធីត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកនាយឧត្តមសេនីយបានបន្តថា កងកម្លាំងនគរបាល ត្រូវការពារសកម្មភាព យុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់គណបក្សនយោបាយទាំង២០គណបក្ស ដែលបានឈរឈ្មោះបោះឆ្នោត ក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ដល់ទី២៧ខែកក្កដា ឆ្នាំ២០១៨។ ប្រមូលផ្តុំកម្លាំងទាំងអស់ ការពារគ្រប់ទីស្នាក់ការបោះឆ្នោត គឃ.សប ការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការដឹកជញ្ជូនសម្ភារៈឯកសារបោះឆ្នោត និងកំណត់ហេតុបូកសរុបលទ្ធផល នៃការបោះឆ្នោត តាមការិយាល័យបោះឆ្នោតនីមួយៗ គខ/កប និងគ.ជ.ប។ ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាស មុន និងក្នុង និងក្រោយការប្រកាសលទ្ធផល នៃការបោះឆ្នោត
ចប់ជាស្ថាបពរ។
លោកបន្តថា កម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងចំនួន ១.២៥៥នាក់ ។ កម្លាំងការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតចំនួន២.១៣៨ការិយាល័យ លើ២៦៦ទីតាំង ប្រើប្រាស់កម្លាំងចំនួន៤.៥០៥នាក់ ។ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្រ្តខាងក្រៅ ប្រើប្រាស់កម្លាំងចំនួន៤៨០នាក់ ។ កម្លាំងការិយាល័យវិទ្យុទាក់ទងចំនួន២៦៤នាក់ (ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥)។
កងកម្លាំង ទាំងអស់ ដែលបានរៀបចំនេះ មានភារកិច្ច បង្ការ ទប់ស្កាត់ និងបង្រ្កាប រាល់ករណីដែលបង្កឲ្យមានការរាំងស្ទះដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងក្លាយជាកងកម្លាំងរៀបរយមានកងជួរដោយប្រសិទ្ធភាព សម្រាប់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស មុន ក្នុង និងក្រោយ
ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។
លោកបានបន្តបន្ថែមថា នៅថ្ងៃទី២៩ខែកក្កដា គឺជាដំណាក់កាលដ៏មានសារសំខាន់បំផុត និងជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាឲ្យបានកិច្ចការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពទាំងស្រុង សម្រាប់ដំណើរការបោះឆ្នោត
ឲ្យបានល្អប្រសើរ និងទទួលបានជោគជ័យតាមការគ្រោងទុក ក្នុងនោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ បានប្តេជ្ញាចិត្តខ្ពស់ រួមគ្នាសម្រេចបានការងារការពារ ជាអាទិភាពដូចជា ទប់ស្កាត់ឲ្យបានរាល់អំពើភេរវកម្ម និងការបង្កចលាចលនយោបាយផ្សេងៗមិនឲ្យកើតមានក្នុងរាជធានីភ្នំពេញ ព្រមទាំងកាត់បន្ថយបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ
ឲ្យថយចុះក្នុងកម្រិតមួយទាបបំផុត ដើម្បីធានាឲ្យបានស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈចាប់ពីពេលនេះ រហូតដល់ដំណើរការបោះឆ្នោតចប់ជាស្ថាពរ។ ធានាការពារឲ្យបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោត ការប្រកាសលទ្ធផល បោះឆ្នោត និងការពារសុវត្ថិភាពទាំងស្រុង
ជូនឥស្សរជន នយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេរការណ៍ជាតិ អន្តរជាតិ មន្រ្តីរៀបចំការបោះឆ្នោត អ្នកមានសិទ្ធិបោះឆ្នោតទីស្នាក់ការគណបក្សនយោបាយ ទីតាំងឃោសនាបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវបានបញ្ចប់។ ពង្រឹងគ្រប់វិធានការជំនាញ ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាព របស់ក្រុមភេរវករដែលមានឧបាយកលប៉ុនប៉ង ធ្វើសកម្មភាពគំរាមកំហែង ឬធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ បេក្ខជន វាគ្មិន ប្រជាពលរដ្ឋ ឬដាក់គ្រឿងផ្ទុះបង្កសំឡេងនៅតាមទីប្រជុំជន សំដៅបង្កឲ្យមានចលាចល ក្នុងរាជធានីភ្នំពេញ ដើម្បីជាឧបសគ្គបំផ្លាញការបោះឆ្នោត។ ទប់ស្កាត់ទាន់ពេលវេលា រាល់សកម្មភាពរបស់ក្រុមប្រឆាំង ក្រុមសម្ព័ន្ធអមិត្ត ទាំងក្នុងនិងក្រៅប្រទេស ដែលកំពុងខិតខំរិះរកគ្រប់វិធី ដើម្បីញុះញង់បង្កជាឧបសគ្គ ឬឈានទៅបំផ្លាញការបោះឆ្នោត ការបំភិតបំភ័យ ការឃោសនាញុះញង់ឲ្យប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ ធ្វើបាតុកម្ម កូដកម្ម និងការតវ៉ាទាមទារផ្សេងៗ ឬផ្សព្វផ្សាយសង្រ្គាមចិត្តសាស្រ្ត បំប៉ោងសភាពការណ៍មិនពិត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ មានភាពស្រពិចស្រពិល ភ័យខ្លាចមិនហ៊ានទៅចូលរួមបោះឆ្នោត ដើម្បីចាត់ការតាមច្បាប់។ រួមគ្នាបង្ការ ទប់ស្កាត់ទាន់ពេល នូវគ្រប់ឧបាយកល ឆ្លៀតឱកាសទាញយកបញ្ហានយោបាយ ដើម្បីឆ្លៀតធ្វើសកម្មភាព វិច្ឆេទកម្មសេដ្ឋកិច្ច តាមរយៈការ ដំឡើងថ្លៃទំនិញ
គ្រឿងឧបភោគបរិភោគបង្កការលំបាកដល់ជីវភាពរបស់ប្រជាពលរដ្ឋ មិនឲ្យកើតមានក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈការបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការរែកពន់ភារកិច្ច និងកសាងនូវគុណសម្បតិ្តជាច្រើន ដើម្បីគ្រប់គ្រងសភាពការណ៍ បញ្ជៀសបាននូវបង្កមហន្តរាយដល់សង្គម ។ ថែរក្សាបានយ៉ាងល្អនូវសន្តិសុខសុវត្ថិភាពស្ថិរភាពសង្គម និងការពារសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសបានថែរក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈកាលកន្លងមកនេះ។
លោកអភិបាលរាជធានីបានបន្តថា ក្នុងនាមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និយាយដោយឡែក និយាយជារួមប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា សូមថ្លែងការដឹងគុណដ៏ខ្ពងខ្ពស់បំផុតដល់សម្តេចតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្តីកម្ពុជា មានឧត្តមគតិស្នេហាជាតិ និងមានទស្សនវិស័យច្បាស់លាស់ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ជូនរក្សាបាននូវសុខសន្តិភាពជីជូនប្រជាពលរដ្ឋ មាតុភូមិ និងធ្វើឲ្យយើងទាំងអស់គ្នា និងប្រកបរបរទទួលទានប្រកបដោយភាពសុខដុមរមនា ។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ គឺនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោត ដែលជាថ្ងៃដែលប្រជាជនយើងទាំងអស់គ្នាជាជនជាតិខ្មែរ បានអនុវត្តន៍សិទ្ធិរបស់ខ្លួន ជាសិទ្ធិមិនអាចខ្វះបានក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ដែលបង្ហាញយ៉ាងច្បាស់ថាសិទ្ធិបោះឆ្នោត បានវិវឌ្ឍន៍ពីការតស៊ូនិងពលីកម្មសាច់ស្រស់ ឈាមស្រស់ ។ ការមិនទៅបោះឆ្នោត គឺជាប្រមាថ ខ្លួនឯង ប្រមាថលើតម្លៃសកលនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេតយ្យ ដូច្នេះយើងត្រូវតែទៅបោះឆ្នោតទាំងអស់គ្នានិងបោះឆ្នោតឲ្យចំគោលដៅដើម្បីបន្តនិរន្តរភាព សុខសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែជឿនលឿនទៅមុខថែមទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត៕