ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន ប្រាប់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន គ្រោះថ្នាក់គ្រាប់ មីន និងសំណល់ជាតិផ្ទុះ ក្នុងនិងក្រោយទឹកជំនន់

143

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុច ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងនិងក្រោយទឹកជំនន់ មីន និងគ្រាប់មិនទាន់ផ្ទុះមួយចំនួន ត្រូវបានប្រទះឃើញ ដោយសារការហូរច្រោះ និងដែលបានរសាត់មកពីតំបន់ដែលមានមីន ក្នុងនោះមានមីន​ប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

បើតាមសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការការពារ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងពេលនិងក្រោយពេលគ្រោះទឹកជំនន់ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីទប់ស្កាត់បាននូវគ្រោះថ្នាក់ ក្នុងនិងក្រោយពេលគ្រោះទឹកជំនន់ អាជ្ញាធរមីនបានណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនខេត្ត គ្រប់ប្រតិបត្តិករសកម្មភាពកម្ចាត់មីន ស្ថាប័ន និងអង្គការពាក់ព័ន្ធ ចូលរួមសហការអនុវត្តនូវវិធានការមួយចំនួនដូចជា បន្តតាមដានជាប្រចាំនៅតាមទីទួលសុវត្ថិភាព និងកន្លែងទំនាបនានា ដែលប្រជាពលរដ្ឋ ស្នាក់នៅ និងឆ្លងកាត់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ បន្តបណ្តុះបណ្តាលដល់បណ្តាញមីនស្ម័គ្រចិត្តសហគមន៍ លោកគ្រូ អ្នកគ្រូ ស្តីពីនីតិវិធីសម្រាប់សុវត្ថិភាពជាមូលដ្ឋាននៃការអប់រំ កាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងពេលមានគ្រោះមហន្តរាយ ដើម្បីឲ្យពួកគេបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស និងកុមារ។ ធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងប្រមូល និងយកទៅកម្ទេចចោលនូវមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលប្រជាពលរដ្ឋបានរាយការណ៍ ។ ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋ ចូលទៅស្នាក់នៅ ឬឆ្លងកាត់។ បន្តចុះអប់រំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន តាមទីទួលសុវត្ថិភាព នានា ក៏ដូចជាតំបន់ដទៃទៀត ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងពេលនិងក្រោយពេលគ្រោះទឹកជំនន់។

កន្លងមក ទឹកជំនន់តែងតែបង្កគ្រោះមហន្តរាយ ឆក់យកអាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ ជាពិសេសបណ្តាខេត្តនៅភាគខាងលិខ រួមមាន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តតាមដងទន្លេមេគង្គ ដែលជាខេត្តរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

អត្ថបទដែលជាប់ទាក់ទង