អភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌព្រែកព្នៅ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព
ភ្នំពេញ៖ ទន្ទឹមនឹងការដោះស្រាយបញ្ហាប្រឈមចំនួន២ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រនោះ លោកអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរខណ្ឌព្រែកព្នៅ និងអធិការខណ្ឌ បន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះបន្តទៀត ដើម្បីនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ថា នេះជាការដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស។ នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទំាងអស់ ពិសេសខណ្ឌព្រែកព្នៅត្រូវដោះស្រាយ បញ្ហាសំណង់មិនរៀបរយនៅតាមបឹងប្រឡាយរបស់រដ្ឋ គឺដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋហើយ កុំឲ្យពួកគេទៅរស់នៅកន្លែងសាធារណៈផ្សេងទៀត ដើម្បីកុំឲ្យដោះស្រាយបញ្ហានេះច្រើនដងឬមិនចេះចប់។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលខណ្ឌនេះ គឺដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣ គឺដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការទៅប្រកបដោយភាពរលូន ដោយទី១ គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះនៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត- ក្រុង ស្រុក- ខណ្ឌ- ឃុំ -សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី២ គឺលើកកម្ពស់និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវការនិងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឲ្យថ្នាក់ក្រោមជាតិ ដែលនៅមានលទ្ធភាពមានភាពម្ចាស់ និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានា របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ និង ទី៣ ការលើកកម្ពស់និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងថា រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាគណៈបញ្ជាការឯកភាពភាពរដ្ឋបាលខណ្ឌ បានខិតខំប្រឹងប្រែងអនុវត្តការងារ ពុះពាររាល់ការលំបាកនិងដាក់ចេញនូវវិធានការប្រទាក់ក្រឡានិងប្រើប្រាស់នូវកម្លាំងជំនាញ និងកម្លាំងសរុប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ យ៉ាងមានប្រសិទ្ធភាព ពិសេស ពង្រឹងការអនុវត្តន៍គោលនយោបាយ “ភូមិសង្កាត់មានសុវត្ថិភាព ” ដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានប្រកបដោយភាពសុខសាន្ត។ ក្នុងនោះជាការគួរគត់សម្គាល់គឺ សកម្មភាព លួចឆក់ ប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បានកាត់បន្ថយជាអតិបរមានៅមូលដ្ឋានខណ្ឌ និងបានជំរុញភ្នាក់ងារប្រមូលសំរាមតាមសង្កាត់សហការគ្នា ជាមួយសណ្តាប់ធ្នាប់ខណ្ឌ និងមន្រ្តីមូលដ្ឋានតាមបណ្តាសង្កាត់ ដើម្បីធ្វើការប្រមូលសំរាមមិនឲ្យមានការកកស្ទះយូរថ្ងៃ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនិងប៉ះពាល់បរិស្ថាននៅក្នុងមូលដ្ឋានឡើយ៕