អ្នកធ្វើកាំជ្រួចគ្រប់ធុន លាយរំសេវកាំជ្រួចខុសលក្ខណៈបច្ចេកទេស ផ្ទុះស្លាប់ម្នាក់នៅស្រុកបាទី
តាកែវ៖ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះមានករណីគួរឲ្យរន្ធត់មួយបានកើតឡើងនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ខណៈដែលបុរសម្នាក់បានលាយគ្រឿងរំសេវធ្វើកាំជ្រួច ខុសលក្ខណៈបច្ចេកទេស បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសាផ្ទុះគ្រាប់រំសេវ បែកជាបំណែកៗនៃសាកសពពាសពេញដី ។
លោក ង៉ាន់ សារី អធិការស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ កែវ ឈិន អាយុ៥០ឆ្នាំ មុខរបរជាអ្នកធ្វើកាំជ្រួចគ្រប់ធុន នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ មូលហេតុដែលបណ្តាលឲ្យមានការផ្ទុះរំសែវធ្វើកាំជ្រួចនេះឡើង គឺដោយសារតែជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន លាយរំសែវខុសលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបធ្វើឲ្យផ្ទុះស្លាប់ដោយខ្លួនឯង ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារជនរងគ្រោះ ប្រមូលជាបំណែកៗយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕