កម្ពុជាស្វាគមន៍នារវាទេសចរណ៍MS Westerdam សហរដ្ឋអាមេរិកចូលចត,សម្តេចតេជោនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ជាស់ផ្ទះ
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែនបានថ្លែងថាដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត
ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ
ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
សម្តេចបានថ្លែងថាព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅ
ស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។
សុំអរគុណអង្គការសុខភាពពិភពលោក
និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថាMS Westerdam របស់សហរដ្ឋអាមេរិកដែលមានទេសចរជាង២.២៥៧នាក់ដែលនៅថ្ងៃទី១៣កុម្ភះព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦មកហើយតែត្រូវបានបដិសេធមិនអោយចូលចតដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មីដែលពេលនេះមានឈ្មោះជាផ្លូវការថាកូវីដ–១៩(Covid-19) ។ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នាគឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចញក្រៅនាវា។
សម្តេចតេជោហ៊ុនសែនមានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ស្រ្តីនិងកូនក្មេងដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។សម្តេចតេជោបានបញ្ជាក់ថាកម្ពុជាមិនមែនជាប្រទេសអ្នកមានទេប៉ុន្តែកម្ពុជាមានបេះដូងទូលាយជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ឬកម្រិតលើព្រុំដែនឡើយ។នៅក្នុងស្ថានភាពបែបនេះគឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ជំនឿទំនុកចិត្តនិងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។បើមិនជួយពួកគេបើមិនឲ្យនាវានេះចូលចតតើត្រូវឲ្យពួកគេទៅណាបើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថាជំងឺពិតប្រាកដនាពេលនេះគឺជំងឺភ័យខ្លាចលើសលុបដែលមិនមែនជាជំងឺកូរ៉ូណាទេ។
ពេលនេះពិភពលោកបានឃើញច្បាស់ហើយថាកម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេគឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ធអាមេរិកផងដែរគឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាកទទួលទានម្ហូបអាហារនិងសប្បាយរីករាយនៅពេលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថាក្រុមមន្ត្រីស្ថានទូតនិងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិកបានមកដល់ខេត្តព្រះសីហនុដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់នាវាទេសចរណ៍ហូឡង់អាមេរិកឈ្មោះMS Westerdam ដែលមានជនជាតិអាមេរិកនៅក្នុងនោះ។នាវានេះបានចាកចេញពីក្រុងហុងកុងនៅថ្ងៃទី១ខែកុម្ភៈនិងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់។នាវានេះរាយការណ៍ថាមិនមានអ្នកដំណើរណាមួយមានសញ្ញាវិជ្ជមាននូវមេរោគកូវីដ១៩(មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាលក៏កំពុងធ្វើការតាមដានពួកគេផងដែរ។ក្រុមការងារស្ថានទូតអាមេរិកត្រៀមរួចរាល់ដើម្បីធ្វើការជាមួយក្រុមនាវាWesterdam និងអាជ្ញាធរកម្ពុជាដើម្បីជួយដល់ជនជាតិអាមេរិកក្នុងដំណើរការនៃការចូលចតនិងផ្ទេរសម្ភារៈទៅកាន់គោលដៅ។លោកឯកអគ្គរដ្ឋទូតW. Patrick Murphy ថ្លែងថា៖«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា» ៕