ជនដៃដល់ធ្វើសកម្មភាពប្លន់យកម៉ូតូបាន២ថ្ងៃ ត្រូវបាននគរបាលខេត្តបាត់ដំបង វែកមុខបង្រ្កាបបាន
បាត់ដំបង៖ ជនដៃដល់ម្នាក់ ធ្វើសកម្មភាពប្រើពូថៅ កាប់ប្លន់យកម៉ូតូ ត្រូវនគរបាលខេត្តបាត់ដំបង បង្រ្កាបបានរួមជាមួយ នឹងវត្ថុតាង រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា អនុវតតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការយល់ព្រមពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងព្រមទាំងការចូលរួមសហការណ៍ពីកម្លាំងជំនាញ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ស្រុកឯកភ្នំកងកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំប បានធ្វើការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( ប្លន់ ) យកម៉ូតូនិងទ្រព្យសម្បត្តិមួយករណី នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនជនស័ង្សយចំនួន១នាក់ឈ្មោះ ស៊ីន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនស័ង្សយរូបនេះបានធ្វើសកម្មភាព ( ប្លន់ ) វាយយកម៉ូតូ របស់ប្រជាពលរដ្ឋកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S 0318 កុំព្យូទ័រលេបថបពណ៌ខ្មៅមួយគ្រឿង ទូរស័ព្ទដៃម៉ាក Iphone មួយគ្រឿង ទូរស័ព្ទដៃ ម៉ាក camfone មួយគ្រឿង ពូថៅ ចំនួន ១ ។ បច្ចុប្បនជនសង្ស័យ និងវត្ថុតាង កំពុងរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕