មនុស្សស្លាប់កើនដល់១៥០នាក់ ក្នុងការបំផ្ទុះគ្រាប់បែកដោយក្រុម ISIS នៅស៊ីរី
(ដាម៉ាស់)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់ មួយនៅឯភាគខាងត្បូងប្រទេសស៊ីរី នៅថ្ងៃពុធនេះ បានកើនដល់១៥០នាក់ហើយ។ នេះបើតាមដកស្រង់ដោយសារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ការវាយប្រហារនេះ បានកើតឡើងក្បែរផ្សារដ៏មមាញឹកមួយកន្លែងក្នុងទីក្រុង ស្វេដា (Sweida) ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី នៃភាគខាងត្បូងប្រទេស។ អង្គការមួយនេះក៏បានអះអាងដែរថា មនុស្សរាប់សិបនាក់ ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ក្រោយកើតហេតុមិនបានប៉ុន្មានផង ក្រុម ISIS អះអាងថា ការវាយប្រហារដ៏អាក្រក់នេះ គឺជាស្នាដៃរបស់ខ្លួន៕