ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៉ីវិញ នឹងដករដ្ឋមន្ត្រីសុខាភិបាល ចោល ដោយសារការធ្វើការខ្ជីខ្ជា

163


ភ្នំពេញ៖
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានឆ្លើយតបនឹង Comment ទាក់ទងនឹងម៉ាឡេស៉ីប្រកាសថាស្ត្រីវ័យ ៨៣ឆ្នាំ ដែលចេញពីនាវា Westerdam លែងមានវ៉ីរ៉ុស Covid-19 ហើយ នៅក្នុងគណនីហ្វេសបុកឈ្មោះ Khek khemrath ។

សម្តេចតេជោ បានសរសេរក្នុង Comment នៅថ្ងៃទី២១កុម្ភៈនេះ ថា “ហេតុតែពូស្រែកម្តង ហើយម្តងទៀតក៏ ព្រោះតែចង់ឱ្យភាព យុត្តិធម៏សម្រាប់កម្ពុជាយើងផងសម្រាប់មនុស្សជាង២.០០០នាក់នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រី ជនជាតិអាមេរិកដែលគេចាត់ទុកថាឆ្លងcovid.19។ ទម្រាំបានយុត្តិធម៌ វិបត្តិមនុស្សធម៌បានកើតឡើងអស់មួយសប្តាហ៍។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស្រុីវិញ ពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោលដោយសារការធ្វើការខ្ជីខ្ជា ខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ ជាតិសាសន៍៤១ប្រទេស។ ប្រទេសយើងក្រតែ យើងមានការទទួលខុសត្រូវ លើកិច្ចការមនុស្សធម៌នេះ”។

រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើរតាមនាវាទេសចរណ៍ MS Westerdam មិនទាន់ចាកចេញពីកម្ពុជាអស់នៅឡើយទេ ដោយនៅសេសសល់ប្រមាណជាង១០០នាក់ទៀត ដោយសារតែមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសមួយចំនួន បន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសដោយមិនច្បាស់លាស់ថា ខ្លួនរកឃើញករណីកូរ៉ូណាថ្មី (Covid-19) នៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងម្នាក់ វ័យ៨៣ឆ្នាំ ដែលចូលមកកម្ពុជាតាមនាវា Westerdam ហើយហោះចូលទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីហោះបន្តទៅកាន់ប្រទេសរបស់ពួកគេវិញ។

ការប្រកាសមិនច្បាស់លាស់របស់ម៉ាឡេស៊ីអំពីការឃើញជំងឺកូរ៉ូណាថ្មីលើអ្នកដំណើរ Westerdam នេះ បានធ្វើឱ្យប្រទេសជាច្រើន មិនបានផ្តល់ទិដ្ឋាការដល់អ្នកដំណើរតាមនាវា Westerdam ឡើយ ទោះបីជាមានការអន្តរាគមន៍ពីប្រទេសរបស់ពួកគេក៏ដោយ ប៉ុន្តែការប្រកាសនេះបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា, ក្រុមហ៊ុននាវា Westerdam ប្រជាជនសហរដ្ឋអាមេរិក រួមទាំងអង្គការសុខភាពពិភពលោក មានការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែខ្លួនបានពិនិត្យម៉ត់ចត់ណាស់លើករណីនេះ។

មូលហេតុដែលកម្ពុជាមិនជឿ ដោយសារតែក្រោយពេលម៉ាឡេស៊ីពិនិត្យនោះ គឺរកឃើញថាប្តីរបស់ស្រ្តីចំណាស់ម្នាក់នោះ ពុំមានឆ្លងជំងឺកូរ៉ូណាទេ ហើយអ្នកដំណើរមួយចំនួនតាមយន្តហោះដែលទៅកាន់ម៉ាឡេស៊ី ជាមួយស្រ្តីរូបនោះក៏មិនមានឆ្លងដែរ។ ជាងនេះទៅទៀត ស្រ្តីវ័យ៨៣ឆ្នាំ ពុំមានរោគសញ្ញាអ្វីទាំងអស់ពេលចូលមកកម្ពុជា ខណៈដែលគាត់បានវិលវល់នៅលើនាវារយៈពេល២សប្តាហ៍មកហើយ ជាមួយគ្នានេះអ្នកដំណើរផ្សេងទៀត នៅលើនាវាក៏មិនមាននរណាម្នាក់បានឆ្លងជំងឺនេះទេ ទោះបីជាប្រាស្រ័យទាក់ទងគ្នា២សប្តាហ៍ហើយក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង