ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុងជ្រលក់ថ្នាំការពារជំងឺ និងថ្នាំពេទ្យ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង

423

ស្ទឹងត្រែង៖ ដោយសារការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវនោះ ប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់នេះ ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព និងដើម្បីការពារពីសុខភាពផ្ទាល់ខ្លួន ក្រសួងសុខាភិបាល បានបញ្ជូនមុងជ្រលក់ថ្នាំការពារមូសទិច ចំនួន ៤០០០មុង និងថ្នាំពេទ្យ បានដឹកទៅដល់គោលដៅ និងចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង ជាពិសេសកុមារ ទទួលបានការចាក់ថ្នាំការពារជំងឺតម្កាត់ ផ្សេងៗផងដែរ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់ថា ជំនួយបន្ថែម ជាមុងជ្រលក់ថ្នាំចំនួន ៤០០០មុង និងថ្នាំពេទ្យ ក្រសួងបានដឹកទៅដល់គោលដៅ និងចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង រួចរាល់ហើយ ។ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចល័ត របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុង​ សូវៀត សហការជាមួយមណ្ឌលសុខភាព​សៀមប៉ាង បានចុះទៅ ភូមិ ញាំងស៊ុធំ ឡាកាយ និងទីទួលសុវត្ថិភាព កោះទន្សាយ ឃុំសន្តិភាព នឹងបានចែកមុងជ្រលក់ថ្នាំចំនូន១៥០មុង(មុងអង្រឹង១០០ មុងគ្រែ៥០ ផ្តល់ថ្នាំបង្ការ ជំងឺកញ្ជ្រឹល និងគ្រុនស្វិតដៃជើងដល់កុមារ ចំនួន៥០នាក់ ចែកថ្នាំ chloramine ១៧.០០០ គ្រាប់ អប់រំសុខភាព បាន​២០៨នាក់ និងពិនិត្យព្យាបាលជំងឺ បានចំនួន១២៣នាក់ ។

លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាតទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹក ព្រោះអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ចំណែកក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា កម្ពស់ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង នាម៉ោង ៩ យប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ ៖ មកដល់វេលាយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង បានបន្តហក់ឡើងលើសកម្រិត កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ ។ គិតត្រឹមម៉ោង ៩ យប់នេះ ទឹកទន្លេសេកុងមានកម្ពស់ ១១,៦០ ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រកាសឱ្យប្រយ័ត្នគឺ ១១,៥០ ម៉ែត្រ ។
គិមមកដល់វេលាយប់នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បង្ខំឲ្យអាជ្ញាធរត្រូវជម្លៀលប្រជាជនទៅរកកន្លែងសុវត្ថិភាព ៕

 

អត្ថបទដែលជាប់ទាក់ទង