អាជ្ញាធរកំពុងរកវិធានការសាងសង់ឡើងវិញ និងស្រាវជ្រាវរកមូលហេតុពិត ករណីឆេះស្ពានស្ទឹងស្តៅ
ព្រះវិហារ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឲ្យដឹងថា លោក ជុំ ពុយ អភិបាលស្រុកស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ករណីឆេះស្ពានស្ទឹងស្តៅ ភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី បណ្តាលមកពីភ្លើងឆេះព្រៃរាលមក ។
បើតាសេចក្តីបភ្លឺរបស់រដ្ឋបាលអភិបាលស្រុក ជុំវិញករណីភ្លើងឆេះស្ពានស្ទឹងស្ពៅ នៅចន្លោះភូមិសុច និងភូមិត្រាំងធ្លក ឃុំស្ពៅ ស្រុកសង្គមថ្មី បានបញ្ជាក់ថា ករណីឆេះស្ពានស្ទឹងស្តៅនេះ គឺកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយកម្លាំងសមត្ថកិច្ច បានសហការជាមួយគ្រូបង្រៀន និងប្រជាពលរដ្ឋ អាជ្ញាធរ បានធ្វើការពន្លត់រួចម្តងហើយ ប៉ុន្តែដោយសារការមើលមិនបានសព្វជ្រុងជ្រោយ ធ្វើឲ្យនៅសល់រងើកភ្លើងខ្លះបណ្តាល ឲ្យឆេះម្តងទៀតនៅម៉ោង ១០យប់។
ក្រោយពីមានការរាយការណ៍ពីលោកមេភូមិ លោកបានបញ្ជាកម្លាំងឲ្យប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូបង្រៀន និងប្រជាពលរដ្ឋមានគ្នាប្រហែល ៣០នាក់ ទៅធ្វើការពន្លត់ម្តងទៀត ប៉ុន្តែមិនអាចពន្លត់បានដោយសារភ្លើងឆេះខ្លាំងពេក ដែលជាហេតុបង្កឲ្យមានការសោកស្តាយជាខ្លាំង។
លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ទាក់ទិននិងការរិះគន់ថា លោកមិនមានវិធានការ ហើយបែរជាខឹងលោកបេននោះ លោកអត់មានការខឹងសម្បានោះទេ។ ផ្ទុយទៅវិញពេលនេះ លោកកំពុងរកដំណោះស្រាយ ដោយសហការជាមួយមន្ត្រីឧទ្យានុរក្ស មន្ទីរបរិស្ថានខេត្ត និងកម្លាំងពាក់ព័ន្ធ ដើម្បីរកឈើធ្វើស្ពាននេះឡើងវិញ។ ដោយឡែក ចំពោះមុខសញ្ញាដែលគេចោទប្រកាន់ថា មានជនខិលខូចលួចដុតស្ពាន ឬក៏បណ្តាលមកពីភ្លើងឆេះព្រៃនោះ គឺលោកបានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវសិន។
សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅ ដែលរងការឆេះនេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ស្ពាននេះបម្រើឲ្យផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ មិនត្រឹមតែលោកបេននោះទេ។
លោកផ្កាយបី ហ៊ុន ជា បានសរសេរសារនៅហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២២ខែកុម្ភៈនេះថា សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។
លោកផ្កាយបី បានសូមបងប្អូនដែលពាក់ព័ន្ធ ជួយសម្រួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើឲ្យបានគង់វង្សទេ។ រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!! ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ!!!!។
លោកផែង វណ្ណៈ បានលើកឡើងថា សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ ដើម្បីទន្ទ្រានយកដីនៅតែបន្ត អាជ្ញាធរស្រុក និង អាជ្ញាធរខេត្ត រួមទាំងស្ថាប័នពាក់ព័ន្ធ កំពុងដេកលក់យ៉ាងស្កប់ស្កល់ ។ លោកបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ តែលោកបេន មិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សការពារ ។
ចំណែកលោក តាន់ គឹមសួរ បានបញ្ជាក់ផងដែរថា អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយ ដែលមិនត្រឹមតែមិនខិតខំជំរុញ ចាត់វិធានការភ្លាមៗ ដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេន ឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្ត ចំពោះវត្តមានរបស់លោកបេន ទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេ លោកអភិបាលស្រុក?
លោកថា បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លូវច្បាប់ជាមួយលោកឯង។
លោកតាន់ គឹមសួរ បន្ថែមថា រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារគ្មានតែវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កានោះឲ្យចេញតែម្តង។ គំនិតដែលមានការច្នៃប្រឌិតបំផុត។
រីឯលោក ឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា សួស្តីលោកបេន ខណៈពេលនេះខ្ញុំកំពុងតែបន្តបេសកកម្មនៅរុស្ស៊ី ហើយក៏យប់ជ្រៅផងដែរ តែខ្ញុំបានឃើញសារព័ត៌មានមួយចុះផ្សាយអំពីទុក្ខលំបាករបស់លោក ករណីឆេះព្រៃនិងស្ពាន។ ពេលដែលខ្ញុំបញ្ចប់បេសកកម្មនៅរុស្ស៊ី ខ្ញុំនឹងចុះទៅសួរសុខទុក្ខលោក និងពិភាក្សាគ្នា ថាតើខ្ញុំអាចជួយអ្វីលោកបាន។
ចំណែកតារាកំប្លែង នាយ ពាក់ មី បាននិយាយថា បេន អើយ ចង់រក្សាជីវិតខ្លួនឯង ទៅស្រុកវិញទៅ លះបង់ប៉ុណ្ណឹបានហើយ ចង់រកថ្ងៃទៅជួយគាត់ទៀត បងប្អូនណាចង់ទៅខ្លះ? ក្នុងមួយខែគេដុតអស់ស្ពាន២ ហួត ជា នឹង ខ្ញុំ ចង់ធ្វើស្ពានឲ្យបេនវិញ ដែកឬបេតុង តោះបងប្អូនចូលរួមជាមួយយើងខ្ញុំ៕