ក្រសួងបរិស្ថានសម្តែងការសោកស្តាយ ចំពោះឥរិយាបថបំពានច្បាប់របស់ក្រុមសមាជិកបណ្តាញព្រៃឡង់ លើការចុះបញ្ចីនិងសកម្មភាពល្មើសច្បាប់ស្តីពី«តំបន់ការពារធម្មជាតិ»
ភ្នំពេញ៖ក្រសួងបរិស្ថានបានសម្តែងការសោកស្តាយចំពោះឥរិយាបថបំពានច្បាប់ម្តងហើយម្តងទៀតរបស់ក្រុមសមាជិកបណ្តាញព្រៃឡង់ដែលបណ្តាញខ្លួនឯងមិនមានការចុះបញ្ជីស្របច្បាប់ត្រឹមត្រូវនិងថែមទាំងធ្វើសកម្មភាពល្មើសច្បាប់ស្តីពីតំបន់ការពារធម្មជាតិថែមទៀត»។នេះគឺជាការថ្លែងរបស់លោកនេត្រភក្ត្រារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះ។ការសម្តែងការសោកស្តាយនេះបានធ្វើឡើងខណៈសមាជិកបណ្តាញព្រៃឡង់រួមនឹងសមាគមអង្គការសង្គមស៊ីវិលប្រមាណជាង១០០នាក់ក្រោមការឃ្លាំមើលដោយបុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូបានព្យាយាមចូលទៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃព្រៃឡង់ដែលជាតំបន់សម្បូណ៌ដោយប្រព័ន្ធអេកូឡូស៊ីសត្វព្រៃគ្រប់ប្រភេទដែលត្រូវហាមឃាត់ការចូលដោយគ្មានច្បាប់អនុញ្ញាតនិងដើម្បីកុំឱ្យប៉ះពាល់ដល់សត្វព្រៃក្នុងតំបន់នោះដើម្បីពួកគេប្រារព្ធពិធីបំបួសដើមឈើនិងសកម្មភាពផ្សងទៀតតាមអំពើចិត្តប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចូលឡើយដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
លោកនេត្រភក្ត្រាបានចាត់ទុកទង្វើបំពានច្បាប់របស់បណ្តាញសហគមន៍ព្រៃឡង់និងអង្គការសង្គមស៊ីវិលមួយចំនួនមិនមែនជាគំរូល្អសម្រាប់បណ្តាញសហគមន៍សមាគមអង្គការក្រៅរដ្ឋាភិបាលឡើយ។ទង្វើនេះក៏បានជំរុញឱ្យបណ្តាញសហគមន៍ព្រៃឡង់ក៏ដូចជាសង្គមស៊ីវិលមួយចំនួនរៀនអនុវត្តច្បាប់និងគោរពតាមច្បាប់ដែលមានជាធរមានឱ្យបានត្រឹមត្រូវជៀសវាងការបង្កជម្លោះជាមួយច្បាប់ក្រោមលេសសិទ្ធិសេរីភាពដាច់បង្ហៀរ។
យោងតាមមាត្រា១១នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិការចេញចូលក្នុងតំបន់ការពារធម្មជាតិរួមក្នុងនោះការចេញចូលតំបន់ស្នូលដែលជាតំបន់គ្រប់គ្រងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វរុក្ខជាតិដែលកម្រជិតផុតពូទទួលរងគ្រោះថ្នាក់មានប្រព័ន្ធអេកូឡូស៊ីផុយស្រួយត្រូវហាមឃាត់លើកលែងតែមន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដែលមានភារកិច្ចនិងត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថានការចេញចូលតំបន់អភិរក្សក៏ត្រូវមានការអនុញ្ញាតជាមុនពីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ។
លោកនេត្រភក្ត្រាបានថ្លែងថាតំបន់ដែលបណ្តាញសហគមន៍ព្រៃឡង់មានបំណងចូលទៅនោះជាតំបន់ដែលត្រូវអភិរក្សនិងការពារជាពិសេសកុំឱ្យប៉ះពាល់ដល់សត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នោះ។រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានថ្លែងថាមន្ត្រីឧទ្យានុក្សនៃក្រសួងបរិស្ថានបាននិងកំពុងបំពេញបេសសកម្មរបស់ខ្លួនការពារព្រៃឈើសត្វព្រៃក្នុងតំបន់ព្រៃឡង់ទាំងយប់ទាំងថ្ងៃចុះដើរល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសដែលកើតមានក្នុងតំបន់អភិរក្សក៏ដូចជាដើរដោះអន្ទាក់ដែលជនល្មើសបានលបលួចដាក់ចាប់សត្វព្រៃខុសច្បាប់ផងដែរ។
រដ្ឋលេខាក្រសួងបរិស្ថានលោកនេត្រភក្ត្រាបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានផ្តល់ការសហការយ៉ាងស្អិតរមួតដល់សហគមន៍សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលមានការទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវនិងមានការចុះឈ្មោះនៅក្រសួងមហាផ្ទៃឬមានកិច្ចព្រមព្រៀងជាមួយក្រសួងពាក់ព័ន្ធនានា។
បច្ចុប្បន្ននេះសហគមន៍តំបន់ការពារធម្មជាតិចំនួន១៩នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ទាំង៤ខេត្រួមមានខេត្កំពង់ធំខេត្តក្រចេះខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារដែលមានប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានជាសមាជិកនិងត្រូវបានទទួលស្គាល់ដោយច្បាប់បាននិងកំពុងសហការសាមគ្គីជាមួយក្រសួងបរិស្ថានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិរួមគ្នា។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានផ្តល់កិច្ចសហការដល់បណ្តាញព្រៃឡង់អនុលោមតាមស្មារតីនៃវេទិកាស្តីពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិកាលពីខែសីហាឆ្នាំ២០១៦កន្លងទៅប៉ុន្តែបណ្តាញសហគមន៍ព្រៃឡង់ដែលធ្វើសកម្មភាពដោយគ្មានច្បាប់នេះមានភាពមិនស្មោះត្រង់ក្នុងការធ្វើកិច្ចសហការដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ។
លោកក៏បានស្នើឲ្យអង្គការមួយចំនួនដូចជាអង្គការសមធម៌កម្ពុជាជាពិសេសអង្គការស្ពានសន្តិភាពនិងអង្គការដាន់មិសិន(Danmission) ដែលមិនមានដែនសមត្ថកិច្ចនិងមិនបានចុះអនុស្សរណៈជាមួយក្រសួងបរិស្ថានគួរបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួននៅក្នុងតំបន់អភិរក្សនិងនៅពីក្រោយបណ្តាញព្រៃឡង់ធ្វើសកម្មភាពខុសច្បាប់បន្តទៀត។
លោកបានថ្លែងថាប្រសិនបើអង្គការទាំងនេះចង់សហការនិងចូលរួមការងារអភិរក្សជាមួយក្រសួងបរិស្ថានស្វាគមន៍ហើយគួរស្នើសុំជាផ្លូវការតាមនីតិវិធីច្បាប់ជាជាងការធ្វើការដោយលួចលាក់ខុសច្បាប់លើសដែនសមត្ថកិច្ចរបស់ខ្លួនដែលបង្កើតឱ្យមានការសង្ស័យពីភាពមិនស្មោះត្រង់ក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។
ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្តែងការសោកស្តាយដែលបណ្តាញសហគមន៍ព្រៃឡង់ព្យាយាមធ្វើសកម្មភាពក្រៅច្បាប់និងធ្វើខ្លួនឱ្យឃ្លាតឆ្ងាយពីសមូហភាពនៃការដឹកនាំគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិជាមួយនេងស្ថាប័នពាក់ព័ន្ធ។
លោកនេត្រភក្ត្រាបានរំឭកថាក្រសួងបរិស្ថានរួមនឹងសហគមន៍តំបន់ការពារធម្មជាតិទូទាំងប្រទេសអាជ្ញាធរខេត្តនៃតំបន់ព្រៃឡង់បានរៀបចំកម្មវិធីបោះតង់និងបំបួសដើមឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់កាលពីថ្ងៃទី១៤និងទី១៥ខែកុម្ភៈឆ្នាំ២០២០ក្រោមប្រធានបទថ្ងៃក្តីស្រឡាញ់បរិស្ថាននិងធម្មជាតិដោយមានអ្នកចូលរួមសរុបចំនួនជាង៥០០នាក់។
ប៉ុន្តែចំឡែកតែបណ្តាញសហគមន៍ព្រៃឡង់ដែលទទួលបានថវិកាជារៀងរាល់ខែពីអង្គការមួយចំនួនព្យាយាមបង្កើតកម្មវិធីដោយឡែកមួយផ្សេងដោយបំពានច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។គួរឱ្យកត់សម្គាល់ថាកន្លងទៅបណ្តាញសហគមន៍ព្រៃឡង់នេះបានព្យាយាមប្រើប្រាស់ទិន្នន័យដែលមិនមានមូលដ្ឋានវិទ្យសាស្ត្រត្រឹមត្រូវប្រើវិធីសាស្ត្ររាប់គល់ឈើមួយដើមថាជាបទល្មើសមួយនិងលួចផ្តល់ទៅឱ្យអង្គការខ្លះដើម្បីចងក្រងបំប៉ោងរបាយការណ៍ក្នុងចេតនាចិញ្ចឹមទំនាស់ព្រៃឡង់និងផ្សព្វផ្សាយព័ត៌មានបែបបំភ្លៃដើម្បីបំផ្លាញជំនឿទំនុកចិត្តប្រជាពលរដ្ឋចំពោះការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដើម្បីបម្រើគោលដៅអ្វីមួយ។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់បណ្តាញសហគមន៍ព្រៃឡង់គួរគោរពច្បាប់ហើយស្នើឱ្យអង្គការក្រៅរដ្ឋាភិបាលគោរពឱ្យបានហ្មត់ចត់នូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចៀសវាងការបង្កជម្លោះនឹងច្បាប់។
លោកបានថ្លែងថាក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបមានទំហំ៧,២លានហិកតាគ្របដណ្តប់ខេត្តចំនួន២០ក្នុងចំណោមខេត្តរាជធនីទាំង២៥នៃប្រទេសកម្ពុជាហើយមានសហគមន៍សមាគមនិងអង្គការជាតិនិងអន្តរជាតិជាច្រើនលើសលប់ដែលបានសហការជាមួយមួយក្រសួងបរិស្ថានយ៉ាងល្អប៉ុន្តែមានសហគមន៍និងអង្គការសង្គមស៊ីវិលមួយចំនួនតូចដែលបង្កប់ដោយរបៀបវារៈសហការមិនស្មោះត្រង់តែងតែដើរអុកឡុកបង្កចលាចលនិងបង្កើតការញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិតបំភ្លៃការពិតដើម្បីគោលបំណងទុច្ចរិតអ្វីមួយ។
លោកនេត្រភក្ត្រាបានថ្លែងថាអ្វីដែលប្រជាពលរដ្ឋប្រាថ្នាគឺការគោរពច្បាប់រួមទាំងបណ្តាញសហគមន៍ព្រៃឡង់ដូច្នេះគួរតែគោរពច្បាប់ស្នើសុំការចុះបញ្ជីត្រឹមត្រូវនិងធ្វើសកម្មភាពស្របច្បាប់ជាធរមានព្រោះយើងទាំងអស់គ្នាមានគោលដៅតែមួយគឺការពារធនធានធម្មជាតិដែលយើងមានឱ្យបានគង់វង្សគួរកុំប្រើលេសការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិធ្វើរបាយការណ៍អាក្រក់ពីការងារអភិរក្សធនធានធម្មជាតិដើម្បីគ្រាន់តែផលប្រយោជន៍ផ្ទាល់ខ្លួនស្វែងរកហិរញ្ញវត្ថុគាំទ្រសកម្មភាពខ្លួននិងដើម្បីបន្តការងារសម្រាប់ខ្លួន។
សូមបញ្ជាក់ថាបណ្តាញសហមន៍ព្រៃឡង់ខេត្តកំពង់ធំត្រូវបានមន្ត្រីឧទ្យានុរក្សធ្វើការឃាត់មិនឱ្យចូលព្រៃដើម្បីចុះល្បាតនៅចំនុចអូរងាវនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០។មន្ត្រីឧទ្យានុរក្សមិនបានប្រាប់ពីមូលហេតុនៃការហាមឃាត់នេះដល់សហគមន៍ទេគ្រាន់តែប្រាប់ថាចាំទទួលបញ្ជារពីថ្នាក់លើ។នាយកដែនជម្រកសត្វព្រៃព្រៃឡង់ប្រចាំខេត្តកំពង់ធំកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០បានគម្រាមសមហគមន៍តាមទូរស័ព្ទថា“ប្រសិនបើចូលខ្ញុំចាប់ហើយ” ខណៈដែលសហគមន៍ទូរស័ព្ទស្នើកម្លាំងមន្ត្រីឧទ្យានុរក្សដើម្បីចុះល្បាត។
ទោះបីជាយ៉ាងណាក៏ដោយសហគមន៍នៅតែសម្រេចចិត្តចូលព្រៃនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ដើម្បីទៅរៀបចំទីតាំងដើម្បីប្រារព្ធពិធីបុណ្យព្រៃឡង់នៅថ្ងៃទី២២–២៣ខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះ។លើសពីនេះទៀតក្រុមល្បាតបានប្រទះឃើញជំរំរបស់ជនល្មើស១កន្លែងព្រមទាំងដកហូតបានកាំភ្លើងកែច្នៃ១ដើមអន្ទាក់សត្វ១ឧបរកណ៍ឆក់និងស្លាក់ស្នាមឈើទើបរំលំជាច្រើនកន្លែងនិងបានដុតកម្ទេចចោលនៅហ្នឹងកន្លែង។
ជុំវិញករណីនេះដែរបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំស្នើទៅកាន់ក្រសួងបរិស្ថានជាពិសេសមន្ទីបិរស្ថានខេត្តកំពង់ធំបកស្រាយជុំវិញការហាមឃាត់សហគមន៍មិនឱ្យចុះល្បាតនេះ។
អង្គការលីកាដូបានផ្សាយថាសមាជិកសហគមន៍ សកម្មជនបរិស្ថាន ព្រះសង្ឃនិងបុគ្គលិកអង្គការសង្គមស៊ីវិល រាប់រយនាក់ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់។ អ្នកចូលរួមជាច្រើនក្រុមត្រូវបានបញ្ឈប់ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីតាំងពិធីបុណ្យបំបួសព្រៃឡង់ប្រចាំឆ្នាំដែលបានគ្រោងទុក ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការអភិរក្សតំបន់ព្រៃការពារធំជាងគេនៅកម្ពុជានេះ។
អាជ្ញាធរមកពីក្រសួងបរិស្ថាននិងមន្រ្តីមូលដ្ឋាន ដែលមួយចំនួនប្រដាប់ដោយកាំភ្លើង បានប្រាប់ទៅក្រុមសហគមន៍ទាំងបួនខេត្តថាចាំបាច់តម្រូវឱ្យមានការអនុញ្ញាតពី “ថ្នាក់លើ” ទើចអាចចូលទៅកាន់ព្រៃឡង់បាននិងបានទាមទារឱ្យមាន“លិខិតអនុញ្ញាតជាផ្លូវការ” ពីអ្នកចូលរួមទាំងនេះ។ការអនុញ្ញាតនេះមិនបានតម្រូវនៅក្នុងច្បាប់ទេ។
អ្នកចូលរួមមួយចំនួន ក៏បានរាយការណ៍ផងដែរថា អាជ្ញាធរក្នុងតំបន់បានគំរាមកំហែងអ្នកភូមិក្នុងមូលដ្ឋាន ដើម្បីដាក់សម្ពាធលើអ្នកទាំងនោះកុំឱ្យអនុញ្ញាតឱ្យអ្នកចូលរួមសម្រាកនៅក្នុងភូមិរបស់អ្នកទាំងនោះអំឡុងពេលដែលពួកគាត់ធ្វើដំណើរ ឬចូលរួមក្នុងពិធីបុណ្យដែលមានរយៈពេលពីរថ្ងៃនេះ។
ផ្ទុយពីសកម្មភាពនៅថ្ងៃនេះកាលពីសប្ដាហ៍មុន មន្រ្តីបរិស្ថានជាង៥០០នាក់មកពីក្រសួងបរិស្ថានបានប្រារព្ធពិធីមួយនៅតំបន់ព្រៃឡង់ និងបានលើកទឹកចិត្តយុវជន និងសមាជិកសហគមន៍ ឱ្យចូលរួមចាត់វិធានការ ដើម្បីជួយអភិរក្សព្រៃដ៏ធំដែលមានខេត្តចំនួន៤នេះរួមមាន ខេត្តក្រចេះខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
កាលពីឆ្នាំ២០១៨សមាជិកសហគមន៍ត្រូវបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផងដែរ ដោយសារការគំរាមកំហែងពីសំណាក់អាជ្ញាធរ។ នៅពេលនោះអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា មិនមានការភ័យខ្លាចបែបនេះទេនិងបានឆ្លើយតបទៅអ្នកសារព័ត៌មានថា ក្រសួងរបស់លោកចង់ឱ្យមានការសហការគ្នា ដើម្បីការពារព្រៃ៕