ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងឆេះព្រៃ ស្ពាននៅស្រុកសង្គមថ្មី នៅចំណុចស្ពានស្ទឹងស្ដៅ អាជ្ញាធរខេត្តព្រះវិហារចុះពិនិត្យដោយផ្ទាល់

353

ព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានអោយអ្នកព័ត៌មានតាមទូរស័ព្ទមុននេះបន្តិចថា (ព្រឹកថ្ងៃទី២៣ កុម្ភះ២០២០)ពេលនេះលោក និងជំនាញពាក់ព័ន្ធខេត្តបានមកដល់

ចំណុចស្ពានស្ទឹងស្ដៅ ដែលជាចន្លោះភូមិសុច និងភូមិត្រពាំងធ្លក ឃុំស្ដៅ ស្រុកសង្គមថ្មី ហើយជាក់ស្ដែងស្ពាននេះបានរងការឆាបឆេះដោយភ្លើងឆេះព្រៃ គិតមកដល់ពេលនេះខេត្តអាចម្ចាស់ការខ្លួនឯងបានក្នុងការស្ថាបនាស្ពាននេះឡើងវិញ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារក៏បានប្រាប់អោយអោយដឹង

តាមទូរស័ព្ទមុននេះដែរថា មន្ទីរបានត្រៀមស្ថាបនាស្ពានចំនួន៣កន្លែងតាមបណ្ដោយផ្លូវលំសហគមន៍នេះ ហើយស្ពានដែលឆេះនេះ មិនមែនជាស្ពានចូលទៅផ្ទះលោក បេន នោះទេ ព្រោះត្រូវឆ្លងកាត់ភូមិ២ទៀត។ ការស្ថាបនាស្ពាននៅតំបន់នោះ ក៏មានការចូលរួមពីខាងមន្ទីរបរិស្ថានផងដែរ ក្នុងការផ្គត់ផ្គង់ឈើ ដើម្បីសាងសង់ ហើយបន្ថែមលើនេះមន្ទីរសាធារណការក៏បានស្នើសុំទៅលោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ តាមរយៈ លោកគង់វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួង ដើម្បីជួយផ្គត់ផ្គង់ដែកស្ពានបន្ថែមទៀត ដើម្បីសាងសង់ស្ពានទាំងនេះឱ្យមានគុណភាពស្ពានកាន់តែរឹងមាំ និងងាយចរាចរណ៍ឆ្លងកាត់ ហើយក៏ទទួលបានការឯកភាពហើយដែរ។

  អាជ្ញាធរខេត្តព្រះវិហារបញ្ជាក់ថា ពុំមានការដុតព្រៃណាមួយកើតឡើងទេ ហើយរវាងលោក បេន និងអាជ្ញាធរ គឺបានទំនាក់ទំនងគ្នាជាប់រហូតមកក្នុងកិច្ចការពារព្រៃឈើ និងសហគមន៍នៅតំបន់នោះ។ អាជ្ញាធរមិនអាចខំសាងសង់ផ្ទះហើយ ដុតផ្ទះខ្លួនឯងវិញនោះទេ។

   លោក ជុំ ពុយ អភិបាលស្រុកស្រុកសង្គមថ្មី ខេត្តព្រះវិហារបានអោយអ្នកព័ត៌មានដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២០នេះថា ករណីឆេះស្ពានស្ទឹងស្តៅ ភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី បណ្តាលមកពីភ្លើងឆេះព្រៃរាលមកប៉ុន្តែនៅថ្ងៃនេះដែរ អាជ្ញាធរស្រុក នឹងដឹកនាំកម្លាំងចុះរុះរើ និងសាងសង់ស្ពានថ្មីបណ្តោះអាសន្នវិញ។

លោកអភិបាលស្រុក បានថ្លែងឲ្យដឹងទៀតថា ករណីឆេះស្ពានស្ទឹងស្តៅនេះ គឺកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយកម្លាំងសមត្ថកិច្ច បានសហការជាមួយគ្រូបង្រៀន និងប្រជាពលរដ្ឋបានធ្វើការពន្លត់រួចម្តងហើយ ប៉ុន្តែដោយសារការមើលមិនបានសព្វជ្រុងជ្រោយ ធ្វើឲ្យនៅសល់រងើកភ្លើងខ្លះបណ្តាល ឲ្យឆេះម្តងទៀតនៅម៉ោង ១០យប់។

ក្រោយពីមានការរាយការណ៍ពីលោកមេភូមិ លោកបានបញ្ជាកម្លាំងឲ្យប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូបង្រៀន និងប្រជាពលរដ្ឋមានគ្នាប្រហែល ៣០នាក់ ទៅធ្វើការពន្លត់ម្តងទៀត ប៉ុន្តែមិនអាចពន្លត់បានដោយសារភ្លើងឆេះខ្លាំងពេកដែលជាហេតុបង្កឲ្យមានការសោកស្តាយជាខ្លាំង។

លោកអភិបាលស្រុក បានគូសបញ្ជាក់ទៀតថា ទាក់ទិននិងការរិះគន់ថា លោកមិនមានវិធានការ ហើយបែរជាខឹងលោកបេននោះ លោកអត់មានការខឹងសម្បានោះទេ។ ផ្ទុយទៅវិញពេលនេះ លោកកំពុងរកដំណោះស្រាយ ដោយសហការជាមួយមន្ត្រីឧទ្យានុរ័ក្ស មន្ទីរបរិស្ថានខេត្ត និងកម្លាំងពាក់ព័ន្ធ ដើម្បីរកឈើធ្វើស្ពាននេះឡើងវិញ។

  ដោយឡែក ចំពោះមុខសញ្ញាដែលគេចោទប្រកាន់ថា មានជនខិលខូចលួចដុតស្ពាន ឬក៏បណ្តាលមកពីភ្លើងឆេះព្រៃនោះ គឺលោកបានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវសិន។

សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅ ដែលរងការឆេះនេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយស្ពាននេះបំរើឲ្យផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ មិនត្រឹមតែលោកបេននោះទេ។

តាមរយៈវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីខែមុន ប្រជាពលរដ្ឋបានស្នើសុំសាងសង់ស្ពាននេះឡើងវិញចំនួន ២កន្លែង។

ជាមួយគ្នានោះ មន្ទីរសាធារណការខេត្ត បានសន្យាសាងសង់ស្ពានដែកបាឡេឲ្យទាំង ២កន្លែងនេះផងដែរ ហើយនៅថ្ងៃនេះដែរលោក ជុំ ពុយ នឹងដឹកនាំកម្លាំងចុះរុះរើស្ពានដែលឆេះនេះ និងសាងសង់ស្ពានឈើថ្មីជំនួសវិញ៕

 

អត្ថបទដែលជាប់ទាក់ទង