កម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ ចំនួន២២មុខ ទម្ងន់ជាង៨តោន
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម(គ.ប.ផ.ក) សូមជម្រាបជូនដល់សាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថាៈ នៅថ្ងៃអង្គារ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៩៖០០នាទីព្រឹក នៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ផ្លូវជាតិលេខ៦២ បង្គោលគីឡូម៉ែត្រលេខ៦) នឹងមានពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ ចំនួន២២មុខ ទម្ងន់ជាង៨តោន ដែលសមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក។
ពិធីខាងលើនេះក្រោមវត្តមានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពី លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថានប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ នៃមន្ទីរនានា ជុំវិញខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ ៕