រកឃើញសាកសពនារីម្នាក់ ដោយសារលង់ទឹក នៅរមណីយដ្ឋានកោះខេ ពេលជនរងគ្រោះ គូសង្សារចុះលេងទឹក
ស្ទឹងត្រែង ៖ ជនរងគ្រោះ គូសង្សារ និងមិត្តភក្តិបានចេញដំណើរពីភ្នំពេញថ្ងៃទី២០ ទៅកម្សាន្តឯខេត្តសៀមរាប ថ្ងៃបន្ទាប់ទី២១ ចេញពីខេត្តសៀមទៅលេងផ្ទះមិត្ត នៅខេត្តព្រះវិហារ លុះថ្ងៃទី២២ ក៏បន្តដំណើរទៅលេងខេត្តស្ទឹងត្រែង ហើយបានចូលលេងក្នុងរមណីយដ្ឋានកោះខេ ទន្លេសេកុង។ នៅវេលាម៉ោង៩និង៥០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញ សាកសពនារីម្នាក់ ដែលបាត់ខ្លួនដោយសារលង់ទឹក នៅរមណីយដ្ឋានកោះខេហើយ ស្ថិតត្រង់ចំណុចរមណីយដ្ឋានកោះខេ ភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង មានករណីមនុស្សលង់ទឹក។
សមត្ថកិច្ចបានឲ្យដឹងថា នារីដែលបាត់ខ្លួននោះ មានឈ្មោះ លី ស្រីនាត ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបធ្វើការក្រុមហ៊ុនទេសចរណ៍ម៉ាលីស្តា។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបាត់ខ្លួននារីម្នាក់ដោយសារលង់ទឹកស្លាប់ បានកើតឡើង តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង១៥និង ៣០នាទី នៅរមណីយដ្ឋានកោះខេ ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងគូសង្សារ រួមមិត្តភក្តិបានចេញដំណើរពីភ្នំពេញថ្ងៃទី២០ ទៅកម្សាន្តឯខេត្តសៀមរាប ថ្ងៃបន្ទាប់ទី២១ ចេញពីខេត្តសៀមទៅលេងផ្ទះមិត្ត នៅខេត្តព្រះវិហារ លុះថ្ងៃទី២២ ក៏បន្តដំណើរទៅលេងខេត្តស្ទឹងត្រែង ហើយបានចូលលេងក្នុងរមណីយដ្ឋានកោះខេ ទន្លេសេកុង ដំណើរកម្សាន្តនោះ ពួកគេបានថតផ្តិតយករូបភាព និងទេសភាពស្អាតៗ តាមបណ្ដាឆ្នេរខ្សាច់មួយ ទៅឆ្នេរខ្សាច់មួយទៀត រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ឆ្លងចំអន្លង់ជ្រៅដែលមានជម្រៅ ២០ម៉ែត្រ បណ្ដាលឲ្យនារីជាសង្សារលិចលង់ទៅក្នុងទឹកបានបាត់ទៅ។
ក្រោយកើតហេតុ ក៏មានសមត្ថកិច្ច ចុះមកជួយធ្វើការរាវរក ប៉ុន្តែរកមិនឃើញ លុះព្រឹកឡើងបាននាំគ្នារៀបចំពិធីបួងសួងសែនព្រាន ទើបរកសពឃើញ នៅរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ហើយកម្លាំងជំនាញត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ។
សូមបញ្ជាក់៖ បន្ទាប់ពីទទួលដំណឹងថា កូនស្លាប់នោះ ម្ដាយនារីរងគ្រោះ បានធ្វើដំណើរមកដល់ទីតាំងកើតហេតុ ទាំងអារម្មណ៍ និងទឹកមុខសោកសៅ ស្រែកទ្រហោយំស្ដាយកូនស្រីជាទីស្រឡាញ់ មិនគួរណាទៅចោលម្ដងទាំងវ័យក្មេងបែបនេះសោះ៕