លីកាំបិតទៅរករឿង និងគំរាមរកកាប់គេ ដែលកំពុងផឹកស៊ី តែត្រូវជនសង្ស័យខឹងក៏បានយកកាំបិតកាប់ស្លាប់មុន
កណ្តាល៖ ករណីឃាតកម្ម ជនរងគ្រោះ ដែលស្រវឹងស្រាជោកជាំ បានកាន់កាំបិតទៅរករឿង និងគំរាមរកកាប់ជនសង្ស័យ ដែលកំពុងផឹកស៊ី បន្ទាប់មកជន
សង្ស័យខឹងក៏បានយកកាំបិតផ្គាក់កាប់ទៅកាប់លើជនរងគ្រោះចំនួន០២កាំបិត ។ ដែលកើតហេតុនៅថ្ថៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង២១និង១០នាទី នៅចំណុច ភូមិ ជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះជួន ភិន ភេទ ប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ -ឃុំកើតហេតុល (ស្លាប់) ។ ចំណែកជនសង្ស័យ០១នាក់ ឈ្មោះសុន សឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកឃ្មុំ មានទីលំនៅភូមិ-ឃុំកើតហេតុ (រត់គេចខ្លួន) ។ វត្ថុតាងចាប់យក កាំបិតផ្គាក់០១ប្រវែង ០,៨៧ម៉ែត្រ(ជារបស់ជនរងគ្រោះ) ។
នគរបាលមូលដ្ឋានរៀបរាប់សភាពនៃរឿងហេតុថា កាលពីថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើមានឈ្មោះ ហ៊ួរ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុបានឌុបជនរងគ្រោះឈ្មោះជួន ភិនដែលមានសភាពស្រវឹងស្រាមកផ្ទះ ពេលជនរងគ្រោះមកដល់ផ្ទះបានរករឿងបងប្អូនអ្នកនៅផ្ទះ និងឈ្លោះគ្នាជាមួយប្អូនបង្កើតឈ្មោះ ជួន សុភ័ស អាយុ២៤ឆ្នាំ ហើយជនរងគ្រោះបានយកកាំបិតផ្គាក់០១មកកាន់ហើយកាប់ជណ្ដើរផ្ទះនិងកាប់ដើមចេកនៅក្បែរផ្ទះរួចហើយកាន់កាំបិតផ្គាក់នោះដើរទៅទិសខាងលិច សំដៅទៅផ្ទះឈ្មោះ សុន ស៊ីម ដែលមានមនុស្សកំពុងផឹកស៊ីពេលទៅដល់ផ្ទះឈ្មោះ សុន ស៊ីម ជនរងគ្រោះបានរករឿង និងគំរាមរកកាប់ជនសង្ស័យ បន្ទាប់មកជនសង្ស័យឈ្មោះ សុន សឿន ខឹងក៏បានយកកាំបិតផ្គាក់កាប់ទៅកាប់លើជនរងគ្រោះចំនួន០២កាំបិត ចំសៀតផ្កាខាងឆ្វេង ០១កាំបិត និងចំដើមដោះខាងឆ្វេង ០១ កាំបិត រួចជន
សង្ស័យបានកាន់កាំបិតគេចខ្លួនបាត់ទៅ ភ្លាមនោះដែរប្អូនជនរងគ្រោះ បានខ្ចីម៉ូតូគេឌុបជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាឮ តែជនរងគ្រោះ បានស្លាប់នៅមន្ទីរ
ពេទ្យបាត់ហើយ រួចមកក្រុមគ្រួសារជនរងគ្រោះបានដឹកសាកសពជនរងគ្រោះមកផ្ទះធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ផ្សារដែក កំពុងតាមរកជនសង្យ័យ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕