ក្រោយពីពិភពលោកផ្ទុះ នូវមេរោគកូរ៉ូណាថ្មី បានធ្វើឲ្យភ្ញៀវទេសចរនៅតាម ច្រកមួយចំនួន មានការធ្លាក់ចុះតិចតួច
ភ្នំពេញ៖ក្រោយពីពិភពលោកផ្ទុះ នូវមេរោគកូរ៉ូណាថ្មី (Covid-១៩) នោះ បានធ្វើឲ្យភ្ញៀវទេសចរនៅតាម ច្រកមួយចំនួន មានការធ្លាក់ចុះតិចតួច ដោយសារតែជើងហោះហើរខ្លះចត្រូវបានផ្អាក និងពន្យារពេលនោះ។
លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តថវិកាកម្មវិធី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ត្រូវសហការគ្នា ជាមួយមន្ត្រីក្រសួងសុខាភិបាល គ្រប់ពេលវេលា ក្នុងការទប់ស្កាត់ និងត្រួតពិនិត្យរាល់មនុស្សចេញចូលទាំងអស់ ដើម្បីស្វែងរកមេរោគកូរ៉ូណាថ្មី ខណៈមេរោគដ៏កាចសាហាវមួយនេះ បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅលើពិភពលោកជាពិសេស គឺប្រទេសចិននោះ។
ជាមួយគ្នាលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងផងដែរថា ក្រោយពីពិភពលោកផ្ទុះ នូវមេរោគកូរ៉ូណាថ្មី (Covid-១៩) នោះ បានធ្វើឲ្យភ្ញៀវទេសចរនៅតាម ច្រកមួយចំនួន មានការធ្លាក់ចុះតិចតួច ដោយសារតែជើងហោះហើរខ្លះចត្រូវបានផ្អាក និងពន្យារពេលនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជានោះឡើយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មេរោគកូរ៉ូណា (Covid-១៩) បានសម្លាប់មនុស្សរាប់ពាន់នាក់ នៅប្រទេសចិន និងតាមបណ្តាប្រទេសមួយចំនួនទៀត នៅលើពិភព លោក ហើយបានកំពុងឆ្លងជាបន្តបន្ទាប់ រហូតដល់ជាងប្រាំពីរម៉ឺននាក់ នៅលើសកលោកនេះ ខណៈប្រជាជនកម្ពុជា ពុំមានការសង្ស័យណាមួយថា មាននូវមេរោគមួយនេះទេ៕