ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមានអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួត ប្រមាណ៨០០នាក់ក្នុងមួយឆ្នាំ, មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង ចាប់បើកដំណើរការហើយ

96

បាត់ដំបង៖ ក្នុងប្រទេសកម្ពុជា នៅតែមានមនុស្សស្លាប់ប្រហែ៨០០នាក់ ក្នុងមួយឆ្នាំ ដោយសារជំងឺឆ្កែឆ្កួត ហើយក្នុងនោះ៥០ភាគរយជាកុមារ។ ជំងឺនេះបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត១០០ភាគរយ បើមិនបានចាក់ថ្នាំបង្ការ (វ៉ាក់សាំង) ប៉ុន្តែជំងឺឆ្កែឆ្កូតនេះអាចបង្ការបាន១០០ភាគរយ ដោយការចាក់ថ្នាំបង្ការ បន្ទាប់ពីមានរបួសដោយសត្វខាំ។ ហេតុដូចនេះ ទើបវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រួមជាមួយក្រសួងសុខភិបាល​ ដោយមានការគាំទ្រពីស្ថាប័នផ្សេងៗទៀត ជាដៃគូរ បានផ្តួចផ្តើមផែនការ សកម្មភាពរយៈពេល៥ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កូតនៅកម្ពុជា។

មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង ចាប់បើកដំណើរការហើយ។ ក្រោមការសហការរវាង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង មជ្ឈមណ្ឌលនេះ ចាប់បើកដំណើរការផ្តល់សេវាបង្ការជំងឺឆ្កែឆ្កួត និង តេតាណូស ដល់ប្រជាជន ដែលរងគ្រោះដោយសារ របួសសត្វខាំ ឬ ខ្វាច រួមមានសត្វ ឆ្កែ ឆ្មា ស្វា ប្រជៀវ គោ ជ្រូក ដែលពេលនេះ អាចមកទទួលការពិគ្រោះ ជាមួយនឹង វេជ្ជបណ្ឌិត និងបានទទួលការបង្ការ ដែលមានសុវត្ថិភាព និង មានតម្លៃថោកសមរម្យ។
ការទទួល ពិគ្រោះ និង ផ្តល់ការបង្ការដល់ប្រជាជន ទទួលបានសេវារហ័ស និង ក្រោមក្រមសីលធម៌វិជ្ជាជីវៈ ពោរពេញទៅដោយទំនួលខុសត្រូវ នៃស្តង់ដារវេជ្ជសាស្រ្តអន្តរជាតិ។

ដោយមានការសហការជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាមួយក្រសួងអប់រំ យុវជនិងកីឡា ក្នុងបំណងកាត់បន្ថយអត្រាស្លាប់ដោយជំងឺឆ្កែឆ្កូតនៅកម្ពុជា ឲ្យធ្លាក់ចុះ៥០ភាគរយ និងសង្រ្គោះជីវិតមនុស្ស២០០០នាក់ ក្នុងរយៈពេល៥ឆ្នាំ។ ហេតុដូច្នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានសម្រេចបើកមជ្ឈមណ្ឌលបង្ការ ជំងឺឆ្កែឆ្កួតប្រចាំខេត្តបាត់ដំបង ដោយបានដំណើរការ នា ខែកក្កដា ឆ្នាំ​២០១៨ ក្នុងគោលបំណង ដើម្បីកាត់បន្ថយអត្រាស្លាប់ដោយសារ​តែជំងឺ​ឆ្កែឆ្កួតនៅកម្ពុជាឲ្យធ្លាក់ចុះ និងជួយសង្គ្រោះជីវិតមនុស្សបានឆាប់រហ័ស ក្នុងគោលដៅការបង្ការជំងឺឆ្កែឆ្កូតដល់មនុស្សចំនួន១០០០នាក់ ក្នុងមួយឆ្នាំ។

ការបង្កើតមជ្ឈមណ្ឌលតាមបណ្ដាខេត្តនេះ ពិតជាមានភាពងាយស្រួលខ្លាំង មានន័យថា ប្រសិនបើមានអ្នកណា ឬកុមារណាម្នាក់ ត្រូវបានឆ្កែខាំ អាចចាក់ថ្នាំបង្ការ និងព្យាបាលបានទាន់ពេលវេលា។
នៅ ពេលដែលអ្នកត្រូវឆ្កែខាំ អ្នកត្រូវលាងសម្អាតមុខរបួសដោយប្រើសាប៊ូ និងទឹកបង្ហូរយ៉ាងតិចរយៈពេល១០នាទី និងលាងដោយទឹកថ្នាំសម្លាប់មេរោគ។ បន្ទាប់មកអ្នកត្រូវប្រញាប់ទៅរក ចាក់ថ្នាំបង្ការ ជំងឺឆ្កែឆ្កូត នៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កូតនៅខេត្តបាត់ដំបង (ជិតមន្ទីរពេទ្យខេត្ត) ឬនៅវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញ (ជិតមន្ទីរពេទ្យកាល់ម៉ែត មហាវិថីព្រះមុនីវង្ស) ។ សត្វផ្សេងៗក៏អាចចម្លងជំងឺឆ្កែឆ្កូតនេះផងដែរ ដូចជា សត្វប្រជៀវ សត្វស្វា សត្វឆ្មា និងសត្វជ្រូក។​

ក្នុងនាមជាប្រទេសសមាជិកអាស៊ាន ប្រទេសកម្ពុជា បានប្តេជ្ញាឈានទៅលែង ឲ្យមានករណីមនុស្សស្លាប់ជំងឺឆ្កែឆ្កូត បង្កដោយសត្វឆ្កែ នៅត្រឹមឆ្នាំ២០៣០៕

 

អត្ថបទដែលជាប់ទាក់ទង