ស្រវឹងស្រាជោកជាំ ចុះស្រង់ចកក្នុងស្រះទឹកបណ្ដាលឲ្យលង់ស្លាប់បុរសម្នាក់
កណ្ដាល៖ បុរសម្នាក់ទៅស្រង់ចកក្នុងស្រះទឹក ស្ថិតក្នុងស្ថាតភាពស្រវឹងស្រាជោក បណ្ដាលឲ្យលង់ស្លាប់កាលពីវេលាម៉ោង១៥និង៤០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹក ក្នុងវត្តម៉ែបាន ស្ថិតក្នុងភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ រុន ឌីណា អាយុ៣០ឆ្នាំ មានទីលំនៅភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ កន្លងមក ជនរងគ្រោះតែងតែផឹកស្រាស្រវឹង រៀងរាល់ថ្ងៃ ហើយរយៈពេលកន្លះខែមកហើយដែលជនរងគ្រោះ បានមកជួយស្រង់ចក ពីក្នុងស្រះសីមានៅវត្តម៉ែបាន ។ លុះមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹងយ៉ាងខ្លាំង ជិះម៉ូតូចេញពីផ្ទះមកស្រង់ចកសំអាតចេញពីក្នុងស្រះដូចរាល់ថ្ងៃ ឃើញដូចនោះប្រពន្ធបានឃាត់ជនរងគ្រោះជាប្តីកុំឲ្យទៅ តែជនរងគ្រោះមិនស្តាប់ប្រពន្ធនោះទេ រួចក៏ជិះម៉ូតូចេញពីផ្ទះសំដៅទៅវត្តបាត់ទៅ ។ លុះមកដល់វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ឈ្មោះ អ៊ុំ គន្ធា ជាជាងគំនូរនៅវត្តម៉ែបាន បានក្រឡេកមើលទៅស្រះមិនឃើញជនរងគ្រោះ ឃើញតែម៉ូតូស្បែកជើង មួកខោអាវ សង្ស័យជនរងគ្រោះលង់ទឹក ក៏បានទៅប្រាប់ឈ្មោះ កើ មុំ ជាប្រពន្ធជនរងគ្រោះ ភ្លាមនោះប្រពន្ធ រួមជាមួយឈ្មោះ ងួន សេង ឈ្មោះ ស៊ុំ សារុន ត្រូវជាឪពុកជនរងគ្រោះ និងព្រះសង្ឃបានចុះទៅក្នុងស្រះ ជួយរាវរកជនរងគ្រោះ រហូតដល់ម៉ោង១៥និង៤០នាទី ទើបឈ្មោះ ងួន សេង រាវរកសាកសពជនរងគ្រោះឃើញនៅចម្ងាយពីមាត់ស្រះ៣ម៉ែត្រ ជម្រៅទឹកប្រហែល១,៨០ម៉ែត្រ រួចបានស្រង់សព មកលើគោក និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស៊ីធរ។ ក្រោយមកសមត្ថកិច្ចនគរបាល ផ្នែកពិនិត្យហេតុ បានសហការជាមួយនគរបាលប៉ុស្តិ៍ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕