ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនដែលស្លាប់នៅជិត រង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី មិនមែនដោយសារជំងឺ COVID-19 នោះទេ តែ បណ្តាលមកពីគាំងបេះដូង

73
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បន្ថែមពីលើការច្រានចោលរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ករណីបុរសជនជាតិចិនដែល ត្រូវបានគេឃើញដេកស្លាប់ជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ីនោះ គឺបណ្តាលមកពីជំងឺគាំងបេះដូង មិនមែនមកពីជំងឺ COVID-19 ដូចការផ្សាយបំពុលតាមបណ្តាញសង្គម Facebook នោះឡើយ។
   អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ  លោក ឃាង ភារិម្យ នៅរសៀលថ្ងៃនេះបានអោយដឹងថា នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។លោកថា ជនជាតិចិនដែលស្លាប់នេះមានឈ្មោះ (Niu Shuangsuo) ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
  យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជំនាញបញ្ជាក់ ថាបុរសជនជាតិចិនខាងលើស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ។
 នៅរសៀលថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានចេញមកបដិសេធចោលទាំងស្រុង នូវព័ត៌មានបំពុលមួយចំនួនដែលបង្ហោះ និងលើកឡើងថា មានបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19។ លោកស្រី វណ្ឌឌីនបានបញ្ជាក់ នៅរសៀលថ្ងៃនេះថា «ករណីបុរសចិនដេកស្លាប់នេះ មិនមែនជាជំងឺកូវីដ១៩ (COVID-19) ទេ។ដូច្នេះ សូមសាធារណៈជន កុំយល់ច្រឡំ៕
អត្ថបទដែលជាប់ទាក់ទង