បន្តបង្ការនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព កាន់តែខ្លាំងបន្ថែមទៀត
ព្រៃឡង់៖ ក្រសួងបរិស្ថានកត់សម្គាល់ថា សកម្មភាពផ្សេង ដែលសហគមន៍ការពារធម្មជាតិធ្លាប់សម្តែង និងការធ្វើបង្កប់ដោយភាពមិនស្មោះត្រង់ក្នុងនាមជាដៃគូនាពេលកន្លងមក ដែលនេះមិនមែនជាមធ្យោបាយល្អ និងមិនមែនជាជម្រើសសម្រាប់អ្នកស្រឡាញ់ធនធានធម្មជាតិពិតប្រាកដឡើយ ហើយ ក្រសួងបរិស្ថាននឹងពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីបន្តបង្ការនិងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅ ក្នុងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្លាំងបន្ថែមទៀត។
ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន បានផ្សាយព័ត៌មាននៅថ្ងៃទី២៨ខែកុម្ភៈនេះថា ដើម្បីបន្តអនុវត្តវិធានការការពារនិងគ្រប់គ្រងតំបន់ការពារធម្មជាតិ បន្តបង្ការនិងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅ ក្នុងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្លាំងបន្ថែមទៀត ក្រសួងបរិស្ថាននឹងពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការចេញចូលក្នុងតំបន់ស្នូលនិងតំបន់អភិរក្សត្រូវបានហាមឃាត់ លើកលែងតែមន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដែលមានភារកិច្ច និងអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិក្នុងបំណងការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនិងបរិស្ថានដែលត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន លើកលែងតែវិស័យសន្តិសុខនិងការពារជាតិ។ ព្រៃឡង់គឺជាតំបន់ការពារធម្មជាតិ ដូច្នេះការចេញចូលក្នុងតំបន់អភិរក្សដែលមានទំហំ ៤៣១.៦៨៣ ហិកតានេះ ត្រូវអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិនេះ។
ក្រសួងបរិស្ថានកត់សម្គាល់ថា សកម្មភាពផ្សេងៗដែលសហគមន៍ធ្លាប់សម្តែង និងការធ្វើបង្កប់ដោយភាពមិនស្មោះត្រង់ក្នុងនាមជាដៃគូនាពេលកន្លងមក ដែលនេះមិនមែនជាមធ្យោបាយល្អ និងមិនមែនជាជម្រើសសម្រាប់អ្នកស្រឡាញ់ធនធានធម្មជាតិពិតប្រាកដឡើយ គឺគ្រាន់តែជាសកម្មភាពដែលគ្មានប្រយោជន៍ វាយប្រហារទាំងទទឹងទិស មិនបានជួយបំពេញបន្ថែមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលក្រសួងប្រាថ្នាចង់បាន ប្រជាពលរដ្ឋទូទៅចង់ឃើញឡើយ។ អ្វីដែលក្រុមបណ្តាញព្រៃឡង់ព្យាយាមបំពានច្បាប់ម្តងហើយម្តងទៀត ទោះបីជាក្រសួងបរិស្ថានបានណែនាំជាច្រើនដងរួចមកហើយនេះ វាជាសកម្មភាពរុញឱ្យខ្លោចរោចឱ្យឆៅ លើការងារអភិរក្សធនធានធម្មជាតិ និងជាសកម្មភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ ប្រកបដោយចេតនាទុច្ចរិតក្រោមលេសធ្វើជាអ្នកស្រឡាញ់ធនធានធម្មជាតិ។ វាពិតជាគួរឱ្យសោកស្តាយ ដែលបណ្តាញសហគមន៍ព្រៃឡង់នេះ ត្រូវបានគេយកទៅប្រើប្រាស់ជាឧបករណ៍បញ្ឆេះកំហឹងពលរដ្ឋលើការងារបរិស្ថាន និងធនធានធម្មជាតិ។
ក្រសួងបរិស្ថានត្រៀមខ្លួនជានិច្ចបន្តកិច្ច សហការជាមួយបណ្តាញសហគមន៍ព្រៃឡង់ ដូចអង្គការ សហគមន៍ស្របច្បាប់នានា ប្រសិនបើបណ្តាញសហគមន៍ព្រៃឡង់ ដែលមានចរិតជាអង្គការសង្គមស៊ីវិលរួចមកហើយនេះ ទៅចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៃប្រទេសកម្ពុជា និងធ្វើសកម្មភាពស្ថិតក្រោមច្បាប់ជាធរមាន។ នេះមិនត្រូវបានបកស្រាយដោយបំពាន ដោយអង្គការសិទ្ធិមនុស្សមួយចំនួនថា ជាការកម្រិតលើសិទ្ធិសេរីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងការងារគ្រប់គ្រងធនធានធម្មជាតិឡើយ ប៉ុន្តែនេះជាការអនុវត្តច្បាប់ក្នុងនាមកម្ពុជាជារដ្ឋអធិបតេយ្យមួយ ដែលត្រូវមានសិទ្ធិក្នុងការអនុវត្តច្បាប់ នៅលើទឹកដីខ្លួនយ៉ាងពេញលេញ ហើយប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចគោរពច្បាប់នេះ។ ប្រសិនបើបណ្តាញសហគមន៍ព្រៃឡង់ បន្តព្យាយាមធ្វើសកម្មភាពទាំងឡាយ មិនស្ថិតនៅក្រោមច្បាប់របស់កម្ពុជា តើបណ្តាញនេះមានចេតនាអ្វីឱ្យពិតប្រាកដ?
បណ្តាញសហគមន៍ព្រៃឡង់បានធ្វើសកម្មភាពនៅក្នុងខេត្តទាំង ៤ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែងមានអង្គការចាត់តាំងច្បាស់លាស់ រួមមានគណៈកម្មាធិការតម្រង់ទិស ក្បាលម៉ាស៊ីនដឹកនាំតាមខេត្តនីមួយៗ មានឡូហ្គោសម្រាប់ប្រើប្រាស់ និងធ្វើសកម្មភាពដូចគ្នានឹអង្គការសង្គមស៊ីវិល ប៉ុន្តែមិនបានអនុវត្តតាមច្បាប់ជាធរមាន ហើយបណ្តាញសហគមន៍ព្រៃឡង់នេះបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការជាច្រើនព្រមទាំងបច្ចេកទេស និងបានទទួលថវិកាគាំទ្រពីអង្គការផ្សេងៗក្នុងនោះរួមមានអង្គការ Danmission អង្គការស្ពានសន្តិភាព (PBO) បណ្តាញយុវជនកម្ពុជា (CYN) បណ្តាញសហគមន៍កសាងសន្តិភាព (CBPN) សាកលវិទ្យាល័យកូប៉េនហាករបស់ប្រទេសដាណឺម៉ាក់ និងទទួលមូលនិធិពីមូលនិធិ Soros ផងដែរ។ អង្គការទាំងនេះក៏មិនបានចុះអនុស្សណៈយោគយល់ ជាមួយក្រសួងបរិស្ថាន ដើម្បីអនុវត្តការងារឱ្យស្របតាមច្បាប់ដែរ។
ប្រសិនបើពួកគេមិនប្រើលេសការការពារធនធានធម្មជាតិ ដើម្បីបម្រើគោលដៅទុច្ចរិតអ្វីមួយ ម្ល៉េះសម បណ្តាញសហគមន៍ព្រៃឡង់ទំនង មិនជាព្យាយាមគេចវេសពីកាតព្វកិច្ច នៃការអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេ ខណៈសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ភាគច្រើនលើសលប់បានអនុវត្តតាមច្បាប់មានជាធរមាន។
ក្រសួងបរិស្ថានក៏បានបង្ហាញនូវរូបថត របស់មន្ត្រីឧទ្យានុរក្ស រួមនឹងសហគមន៍តំបន់ការពារធម្មជាតិ បើកកិច្ចប្រជុំពិនិត្យលើការងារអភិរក្ស និងសកម្មភាពចុះល្បាតនៅតាមតំបន់នានា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់៕