បញ្ជូនប្រធានស្នាក់ការអង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្ដ្រចម្រុះ ទៅតុលាការ ពាក់ព័ន្ធប្រើប្រាស់ឯកសណ្ឋានបន្លំជាកងកម្លាំង
ព្រះសីហនុ ៖ ប្រធានស្នាក់ការ អង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្ដ្រចម្រុះប្រចាំខេត្តព្រះសីហនុ និងជាអ្នកកាសែត បម្រើការងារឲ្យសារព័ត៌មានស្មារតី៧មករាអមតៈ ដែលបានប្រើប្រាស់ឯកសណ្ឋានបន្លំ ដូចជា កងកម្លាំងប្រដាប់អាវុធ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។
មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រធានស្នាក់ការ អង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្ដ្រចម្រុះប្រចាំ ខេត្តព្រះសីហនុនេះ ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឈ្មោះ ឈឹម សុផាត អាយុ៥២ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការឃាត់ខ្លួននេះជនសង្ស័យ ពាក់ព័ន្ធបទប្រើប្រាស់ឯកសណ្ឋាន ជាអាទិ៍ដែលមានភាពប្រហាក់ ប្រហែលគ្នានឹងនគរបាល ឬយោធា (មាត្រា៦១៦) និងបទប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ (មាត្រា៦២១) និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង (មាត្រា៦៣០)។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបាន រថយន្តម៉ាក Lexus RX400h មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ សារព័ត៌មានស្មារតី៧មករាអមតៈ 2K-0667, ឯកសណ្ឋានក្លែងបន្លំចំនួន១សម្រាប់, មួកក្លែងបន្លំចំនួន២, ស្លាកឈ្មោះឧត្តមសេនីយ៍ចំនួន១, ប័ណ្ណព័ត៌មានចំនួន៦សន្លឹក។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕