ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង បំបែកសំណុំរឿង កូនប្រុស កាប់ឪពុកបង្កើត ៦ កាំបិត ស្លាប់ក្នុងថ្លុកឈាម

95

ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនកូនប្រុសចិត្តតិរច្ឆាន កាប់ឪពុករបស់ខ្លួនស្លាប់ នៅក្នុងថ្លុកឈាម កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ករណីឃាតកម្មមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ផល ឆាយយ៉ា អាយុ២៥ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះ ដោយបានយកកាំបិតកាប់ឪពុកបង្កើតឈ្មោះ សុខ មន អាយុ៥៦ឆ្នាំ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម មូលហេតុ ខឹងឪពុកមកពីផឹកស្រាស្រវឹងជេរអ្នកនៅផ្ទះ។

មន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់តែម្តង។ ប៉ុន្តែនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ជនដៃដល់ត្រូវបានកម្លាំងនគរបាលតាមចាប់បាន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ដោយមានការចង្អុលដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែន ព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញខេត្ត និង ស្រុក សហការជាមួយកម្លាំងអធិការខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា គង់ ច័ន្ទខេមរិទ្ធ បានធ្វើការស្រាវជ្រាវទីតាំងលាក់ខ្លួន និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង២៣និង៣០នាទី នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមាជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានបញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ទាំងយប់ ។ លុះដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នេះ សមត្ថកិច្ច បានឲ្យជនសង្ស័យនាំទៅចង្អុលបង្ហាញទីតាំងលាក់ទុកវត្ថុតាង (កាំបិតកកុក) ជាក់ស្តែងបានរកឃើញវត្ថុតាង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង