ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សរុបជិត៨ម៉ឺននាក់ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ

81

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សរុបជាង ៨ម៉ឺននាក់ ត្រូវបានគ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ។

បន្ទាប់ពីផុតកំណត់នៃការទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលសរុប ៧៩.៦១២នាក់ មកពី១១២ស្ថាប័ន ដើម្បីចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

ចំពោះការទទួលចុះឈ្មោះអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ ដែលបញ្ចប់នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិចំនួន ៣២២ នាក់ មកពីប្រទេស ស្ថាប័ន និងស្ថានទូតចំនួន ៤២ ក្នុងនោះរួមមាន AIPA-APA-ICAPP-CDI-EUROPEAN COUNCIL TOURISM និង TRADE-EUROPEAN COUNCIL ON INTERNATIONAL RELATIONS ។ ល ។

គ.ជ.ប ក៏កំពុងពិនិត្យអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ២១៦នាក់ ទៀតមកពី ២៨ ស្ថាប័ន ក្នុងនោះមាន ជាអាទិ៍ CENTRIST DEMOCRAT INTERNATIONAL-RUSSIA CIVIC CHAMBER ។

យោងតាមប្រការ ៣.៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងរយៈពេលយ៉ាងយូរ ៣(បី) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើសុំ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ។

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីការសង្កេតការណ៍ និងសេចក្តីសន្និដ្ឋានរបស់ខ្លួននៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូន គ.ជ.ប បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់៕

 

អត្ថបទដែលជាប់ទាក់ទង