កម្ពុជាបានត្រៀមថវិកាប្រមាណ ៨០០ ទៅ ២.០០០ លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២.០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេក រហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯង ដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិត ពីក្រុមជនអគតិមួយចំនួន។ បងប្អូនត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាឲ្យបានល្អិតល្អន់ត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហានានា រួមទាំងបញ្ហាជំងឺឆ្លងកូវីដ-១៩ នេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូនមានអាការៈសុខភាព ខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការឲ្យបានល្អជាមួយមន្ទីរពេទ្យ ដែលកំពុងរង់ចាំបម្រើបងប្អូន។
ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីដ-១៩ បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់ធ្វើអនាម័យជាប្រចាំបែបនេះ នឹងធ្វើឲ្យប្រទេសយើងក្លាយទៅជាប្រទេស ដែលមានប្រជាពលរដ្ឋមានអនាម័យគ្រប់ៗគ្នាមិនខាន៕