មាននាវាដឹកវត្ថុធាតុដើមពីចិន ៥គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ថានាវាដឹកជញ្ជូនចំនួន៧គ្រឿង ដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាម សម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។
សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះ ឲ្យដល់រោងចក្របានឆាប់រហ័សបំផុត។
សូមអរគុណមិត្តចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំ ចូលរួមជំរុញការដឹកនាំវត្ថុធាតុដើម មកផ្គត់ផ្គង់តម្រូវការរោងចក្រនានា នៅក្នុងប្រទេសកម្ពុជាឲ្យបានទាន់ពេលវេលា។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលនេះ យើងមាននាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកប្រើប្រាស់ក្នុងរោងចក្រនៅកម្ពុជា ដើម្បីឲ្យបងប្អូនកម្មករកម្មការិនី បានបន្តការងារនៅក្នុងរោងចក្របន្តទៀត។ យើងត្រូវប្រែក្លាយការប្រឈមផ្នែកសេដ្ឋកិច្ច ឲ្យទៅជាកាលានុវត្តភាព នៃសេដ្ឋកិច្ចរបស់ប្រទេសយើងឲ្យល្អប្រសើរជាពេលខាងមុខ៕