នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកវិភាគផ្កាប់មុខ លោក រ៉ុង ឈុន រឿងអ៊ីយូ កាត់EBA ២០ភាគយ
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកវិភាគមួយចំនួន ពិសេស លោក រ៉ុង ឈុន អ្នកវិភាគផ្កាប់មុខដែលមាននិន្នាការបក្សប្រឆាំង ដែលលើកឡើង ពាក់ព័ន្ធនឹងការសម្រេចរបស់អឺរ៉ុប ក្នុងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើកលែងតែអាវុធ (EBA) ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “យើងបានត្រៀមទុកពីចំងាយសម្រាប់ផលប៉ះពាល់ទៅលើអាស្អី EBA ស្អីគេនុះ ២០ភាគយ។ កម្ពុជាបញ្ជាក់ច្បាស់ហើយ ថាកម្ពុជាមិនទៅស្នើសុំ ២០ភាគរយនោះត្រឡប់មកវិញទេ សូមអាអ្នកវិភាគជាពិសេសអា រ៉ុង ឈុន នុះ និយាយស្តាប់ឲ្យបាន គេត្រៀមបម្រុងរួចហើយ ឲ្យបាត់ទៅអា ២០ភាគរយនោះ កុំទៅខ្វល់។ ប៉ុន្តែ ខ្ញុំបានចុះហត្ថលេខា យល់ព្រមរួចហើយ បើសិនជាអ្នកឯកប៉ះពាល់ប៉ុណ្ណេះភាគរយ ខ្ញុំនឹងលើកលែងពន្ធឲ្យប៉ុន្មានខែ ប៉ះពាល់ប៉ុណ្ណេះភាគរយ ខ្ញុំនឹងលើកលែងពន្ធឲ្យអ្នកឯងប៉ុន្មាន ដើម្បីឲ្យរោងចក្រ នៅតែប្រកួតប្រជែងបាន។ អ្នកឯងនិយាយឡើង ស្អីឡើយ EBA ស្អីឡើងអា EBA ។ អា EBA នេះវាគង់តែបាត់ទេ គ្រាន់តែវាបាត់មុន ឬបាត់ក្រោយប៉ុណ្ណោះ ឥឡូវបាត់២០ភាគរយ អត់មានបញ្ហាអីទេ។ កុំយកអធិបតេយ្យជាតិ ទៅដោះដូរនឹង EBA ២០ភាគរយនោះ គឺអត់ទេ”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំនឹងប្រកាសចេញនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ខាងមុខ នូវវិធានបន្ថែមទៀត លើវិធានការដែលចេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅ “។ សម្តេចបញ្ជាក់ថា នេះជាការស្រោចស្រង់ខាងសេដ្ឋកិច្ច ។ ការដាក់ចេញនូវវិធានបន្ថែមទៀត នឹងធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាលវិស័យឯកជន លើកទី១៩ នៅវិមានសន្តិភាព។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ លើកលែងតែអាវុធ EBA ក្រោមហេតុផលថា កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យកម្ពុជាកែលម្អនូវចំណុចទាំងអស់នេះ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារ លើកផលិតផល៤0មុខរបស់កម្ពុជា៕