កម្មវិធីជួបជុំ អ៊ីជទីម៉ាក ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃនៅខេត្តត្បូងឃ្មុំ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន
ភ្នំពេញ៖ ក្រោយពីមានភាពស្រពិចស្រពិលអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្មវិធីអ៊ីជទីម៉ាក ដែលជាកម្មវិធីជួបជុំដ៏ធំមួយរបស់សាសនិកឥស្លាម នៅកម្ពុជាដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែមីនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ត្រូវបានលើកពេលជាបណ្ដោះអាសន្នហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំអ៊ីជទីម៉ាក តាមរយៈលិខិតផ្លូវការចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
តាមខ្លឹមសារនៃសេចក្តីជូនដំណឹងបាន បញ្ជាក់ថា ការពន្យារពេលនេះដោយមូលហេតុមានការព្រួយបារម្ភនៃការរីករាលដាលនៃវីរុសកូរ៉ណា Covid-19 ដែលកំពុងតែវាយលុកនៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជាយើង។
ក្នុងលិខិតបានបញ្ជាក់ទៀតថា ការលើក ពេលវេលានេះ គឺក្នុងមួយរយៈពេលប៉ុណ្ណោះ រហូតដល់ស្ថានភាពស្ងប់ស្ងាត់នៃជំងឺវីរុស Covid-19 នេះ និងមានការពិភាក្សាពីកម្មវិធីនេះជាថ្មីម្ដងទៀត។
សូមបញ្ជាក់ថា ការផ្អាកកម្មវិធីជួបជុំដែលមានអ្នកចូលរួមដល់ទៅរាប់ម៉ឺននាក់នេះ គឺស្របពេលដែលកម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាម្នាក់នៅខេត្តសៀមរាប និងស្របពេលដែលរាជរដ្ឋាភិបាល បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ដោយបានបិទជាបណ្ដោះអាសន្ននៅសាលា រៀនទូទាំងខេត្តសៀមរាប និងពិធីជួបជុំធំៗ មួយចំនួនផ្សេងទៀត។
ជាការវាយតម្លៃរបស់សាសនិកឥស្លាមទូទាំងប្រទេស ក៏ដូចជាមហាជនទូទៅចំពោះគណៈកម្មការរៀបចំកម្មវិធីអីជទីម៉ាក ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការរីករាល ដាលនៅជំងឺឆ្លងថ្មីដែលបង្ករឡើង ដោយវីរុសកូរ៉ូណា ឬCovid-19 ដែលបាននឹងកំពុងរាតត្បាតនៅទូទាំងពិភពលោក និងជាការព្រួយបារម្ភរបស់អង្គការសុខភាពពិភពលោក WHO ផងដែរ៕ សំរិត