នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានភាពនឹងនរ កុំតក់ស្លុតហួសហេតុ និងចូលរួមបង្ការការឆ្លងមេរោគ Covid-19
បន្ទាយមានជ័យ: លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមាន ភាពនឹងនរ កុំតក់ស្លុតហួសហេតុ ត្រូវអនុវត្តវិធានការបង្ការ ការពារកុំឱ្យឆ្លងមេរោគ Covid-19 ដោយត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារដែលចម្អិនបានត្រឹមត្រូវជានិច្ច។
ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះលោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអញ្ជើញចូលជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំនូវកិច្ចការសំខាន់ៗ ដែលត្រូវរួមគ្នាខិតខំសម្រេចឱ្យបាននៅក្នុងឆ្នាំ២០២០ គឺគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចលវឹកវរដល់សង្គមតាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តពណ៌។
លោកឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមការផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ បន្តជំរុញបំផុសចលនាប្រជាជនឲ្យចូលរួមអនុវត្តគោលនយោបាយ“ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ ក្រោមទិសស្លោក បីកុំ មួយរាយការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀន។ជាដើម។ល។
រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្មដែលជាវិស័យ ដ៏មានសក្តានុពលរបស់ខេត្ត សំដៅបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមនានាមានបញ្ហាសំណង់ បញ្ហាសំរាម និងអនាម័យ បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទីក្រុង។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ លើការងារសំខាន់ៗក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្រុង ស្រុក ត្រូវបង្កើនស្មារតីទទួលខុសត្រូវក្នុងការអនុវត្តមុខងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការផ្តល់សេវា និងគាំទ្រដល់ឃុំ សង្កាត់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និងពង្រឹងសមត្ថភាពដើម្បីជួយគាំទ្រឃុំ សង្កាត់ ក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវ ស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមាន។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាពក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវានានានៅតាមអង្គភាពច្រកចេញចូលតែមួយ ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមតំបន់ព្រំដែន។ ក្រុមប្រឹក្សានិងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការ អភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ជាមួយក្រុមប្រឹក្សារបស់ខ្លួន សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ៕