រដ្ឋបាលរាជធានីភ្នំពេញជំរុញអោយ ពន្លឿននៃការស្ថាបនាផ្លូវថ្មើរជើង នៅតាមបណ្តោយទន្លេចតុមុខ ជាមួយនិងការបង្កើតផ្សារណាត់,Pub street,វិថីម្ហូបអាហារ




ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជម្រុញអោយ
ពន្លឿន គំរោង ស្ថាបនាផ្លូវថ្មើជើង និងទីតាំងតំបន់ទាក់ទាញភ្ញៀវទេសចរណ៏ដែលស្ថិតនៅតាម បណ្តោយមាត់ទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំងស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញជាមួយនិងគម្រោងបង្កើតផ្សាររាត្រី ដោយចាប់លក់ដូរ ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ ដោយមានផ្សារណាត់,Pub street,វិថីម្ហូបអាហារ,តំបន់ថ្មើរជើងសំរាប់ភ្ញៀវទេសចរណ៏ផងដែរ។
ការជម្រុញអោយពន្លឿននៃគម្រោងនេះបានធ្វើឡើង
ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១០មិនា ក្រោមវត្តមាន
អញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា គម្រោង ស្ថាបនាផ្លូវថ្មើរជើងខាងលើនេះស្ថិតនៅតាមតំបន់មាត់ទន្លេដែលរដ្ឋបាលរាជធានីភ្នំពេញបានគិតគូយ៉ាងម៉ត់ចត់ទៅលើការកែលំអរនិងលើកកំពស់សោភណ្ឌ ភាពរាជធានីភ្នំពេញ និងទាក់ទាញភ្ញៀវទេសចរណ៏ក៏ដូចជាបង្កើននូវប្រពន្ធ័ផ្លូវធ្វើ ដំណើរអោយកាន់តែទូលំទូលាយ ជាពិសេសផ្លូវថ្មើរជើងតាមមាត់ទន្លេ។
លោកប្រធានមន្ទីរឲ្យដឹងទៀតថា ក្រៅពីស្ថាបនាផ្លូវថ្មើរជើងនេះ យើងនៅមានគម្រោងជាដំណាក់កាលច្រើនទៀតដូចជា ការបង្កើតផ្សាររាត្រីដែលលក់ដូរចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់,ផ្សារណាត់,Pub street,វិថីម្ហូបអាហារ,តំបន់ថ្មើរជើងសំរាប់ភ្ញៀវទេសចរណ៏ជាដើម។ ជាមួយគ្នានេះយើងក៏បានជជែកជាមួយអាជ្ញាធរដែនដីពាក់ពន្ធ័លើការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដែលរហូត មកដល់ពេលនេះ អាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់បានមួយចំនួនហើយ។
លោកឃួង ស្រេង បានឯកភាពតាមគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញដោយចែកចេញជា៣ដំណាក់កាលក្នុងការស្ថាបនាគំរោងមួយនេះ និងពន្លឿនការរៀបចំ និងស្ថាបនាផ្លូវថ្មើរជើងនេះឲ្យបានតាមការគ្រោងទុក។
លោកអភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងទីតាំងខាងលើឲ្យចូលរួមសហការជាមួយអាជ្ញាធរដើម្បីពន្លឿនការងារស្ថាបនាផ្លូវថ្មើរជើងនេះទៅតាមគម្រោង ក៏ដូចសហការរៀបចំផលប៉ះពាល់លើ គម្រោងនេះ៕