គម្រោងកែសម្រួល ប្រព័ន្ធចរាចរនិង ប្តូរទីតាំងភ្លើងស្តុបនៅចំនុចសួនក្តាន់២ ឈានដល់ការកាត់ឃ្វាលសួននិង ចាក់ថ្មម៉ិញកិនបង្ហាប់ ជាមួយនិងការដាក់លូ សម្រេចបានប្រមាណ៣០ភាគរយ







ភ្នំពេញ៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិង ប្តូរទីតាំងភ្លើងស្នុបនៅចំណុចតំបន់ក្តាន់២ មកដល់ពេលនេះ បានឈានដល់ការកាត់ឃ្វាលសួនក្តាន់២ និងបានចាក់ថ្មម៉ិញកិនបង្ហាប់ហើយ។ ជាមួយគ្នានេះ ការដ្ឋានជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីទំហំ១ម៉ែត្រ ក៏សម្រេចបានប្រមាណ៣០ភាគរយហើយដែរ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១១ខែឆ្នាំ ២០២០នេះថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំនុចតំបន់ក្តាន់២ ដោយប្តូរទីតាំងភ្លើងស្តុបនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីអោយស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ការដ្ឋានខាងលើមកដល់ពេលនេះ បានឈានដល់ការកាត់ឃ្វាល
សួនក្តាន់២ និងបានចាក់ថ្មម៉ិញកិនបង្ហាប់ហើយដែរ។ជាមួយនឹងការកែសម្រួលនិងប្ដូរទីតាំងភ្លើងស្តុបក្តាន់២នេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានបើកការដ្ឋានជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីផងដែរ ដោយមកដល់ពេលនេះ ការដ្ឋានសម្រេចបានប្រមាណ៣០ភាគរយហើយ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំនុចតំបន់ក្តាន់២ និងការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងអោយប្រជាពលរដ្ឋនិងអ្នកដំណើរចូលរួមសហការផងដែរ ដែលក្នុងសេចក្តីជូនដំណឹងកាលណោះ បានអោយដឹងថា ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីសាធារណរដ្ឋឆេកនិងមហាវិថីសុីធីសេនធ័រ នៃទីក្រុងរណបភ្នំពេញ ស៊ីធីសេនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តការងារដូចខាងក្រោម៖
១ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី
ចិញ្ចើម ផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណប
ភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។
២ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់២
រវាងមហាវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងមហាវិថីសាធារណរដ្ឋឆេក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល៕