ឃុំខ្លួនជនដៃដល់២នាក់ ដាក់ពន្ធនាគារ ដែលកាប់មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដើមគររបួសធ្ងន់
ភ្នំពេញ៖ ជនដៃដល់២នាក់ ដែលបានកាប់ទៅលើមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដើមគរ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានលោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរងចាំសេចក្តីសម្រេចថ្មី កាលពីរសៀលថ្ងៃទី២៦ខែកក្កដា ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារ របស់ចៅក្រម បានបញ្ជាក់ថា ជនជាប់ចោទទី១ ឈ្មោះ លាង សារ៉ាត់ អាយុ៣១ឆ្នាំនិងទី២ឈ្មោះ ឈិន ម៉ាច ហៅ ឈិន ពិសិដ្ឋ អាយុ២៨ឆ្នាំ ដែលពួកគេទាំង២នាក់ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទឃាតកម្ម។ ចំណែកជនរងគ្រោះ ឈ្មោះ ឃិន ទិត មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បីដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅផ្សារនាគមាស កាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ៕