សមាគមចម្ការកៅស៊ូវៀតណាម ដែលមានកៅស៊ូរាប់ម៉ឺនហិកតា នៅកម្ពុជា រើសកម្មកររាប់ម៉ឺននាក់ ទៅបម្រើការងារ
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសំដែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះការចូលរួម ក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាម លើគ្រប់វិស័យ នៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម។
ថ្លែងក្នុងជំនួបជាមួយគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា អមដោយក្លឹបអ្នកធុរកិច្ចវៀតណាមប្រចាំកម្ពុជា ធនាគារកសិកម្មវៀតណាម (AGRI Bank) តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា សម្ព័ន្ធក្រុមហ៊ុនថាឌីវៀតណាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រី បានថ្លែងថា អ្នកធុរកិច្ច និងវិនិយោគិនវៀតណាម នៅតែបន្តការបណ្តាក់ទុន និងផ្តល់ឱកាសការងារជូនបងប្អូន កម្មករនិយោជិតកម្ពុជា បើទោះជាប្រទេសយើងទាំងពីរ កំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ។
តំណាងឲ្យសម្ព័ន្ធក្រុមហ៊ុនវៀតណាមដ៏ធំនៅកម្ពុជា លោកឧកញ៉ា ឡេង ឫទ្ធី បានថ្លែងថា លោករដ្ឋមន្ត្រី និងមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយសម្រួល និងគាំទ្រដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមនៅកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា ឡេង ឫទ្ធី បានលើកឡើងថា បច្ចុប្បន្ន សម្ព័ន្ធឧស្សាហកម្មកៅស៊ូ សម្ព័ន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែលជាដៃគូមានចម្ការកៅស៊ូប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ឆ្នាំ២០២០-២០២១ មានជាង១សែន៥ពាន់នាក់ ហើយសម្រាប់ការងារបន្ទាន់ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩០០០នាក់។
លោកថា បច្ចុប្បន្ន អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល សម្រាប់អ្នកជៀជ័រ អាចរកចំណូលបានចាប់ពី ១លានរៀល ទៅ១លាន៥សែនរៀល ហើយបងប្អូនកម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង។
លោករដ្ឋមន្ត្រី បានស្វាគមន៍សំណើរបស់ភាគីវៀតណាម ដោយបានណែនាំឱ្យក្រុមហ៊ុន ធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្ម ទៅតាមមូលដ្ឋាន ឬកម្លាំងពលកម្ម ដែលបងប្អូនយើងបាត់បង់ការងារ ដោយសារតែសហគ្រាស គ្រឹះស្ថានរបស់ខ្លួន មិនអាចដំណើរការងារ បានដោយបញ្ហាជំងឺកូវីដ១៩ជាដើម។
លោករដ្ឋមន្ត្រីបានលើកឡើង ពីកម្លាំងពលកម្ម ដែលកម្ពុជាមានបច្ចុប្បន្ន សរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១,៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២,៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេស មានជាង ១,២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់ ដែលទាំងនេះ ជាប្រភពដែលយើងអាចចល័តកម្លាំងពលកម្ម ទៅតាមតម្រូវការនៃវិស័យ។លោករដ្ឋមន្ត្រីក្រសួងការងារ បានស្នើដល់ខាងសមាគម ធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមជ្ឈមណ្ឌលការងារចំនួន ១២ខេត្ត រួមនឹងមណ្ឌលការងារការងារចល័តផងដែរ នោះចុះទៅធ្វើការផ្សព្វផ្សាយផ្ទាល់តែម្តង ដល់មូលដ្ឋានតាមបណ្តាខេត្តនានា ដោយធ្វើការសហការជាមួយអាជ្ញាធរខេត្ត អញ្ជើញប្រជាពលរដ្ឋឲ្យចូលរួមចុះឈ្មោះបម្រើការងារនៅសមាគមចម្ការកៅស៊ូវៀតណាម ។
ទន្ទឹមនោះ លោករដ្ឋមន្ត្រី ក៏បានឲ្យសមាគមនេះ គិតគូរបន្ថែមទៀត ក្នុងការផ្តល់នូវគោលនយោបាយពិសេស ដើម្បីផ្តល់ការទាក់ទាញដល់បងប្អូនកម្មករ ទៅបម្រើការងារនៅទីនោះ ទាំងប្រាក់បៀវត្សរ៍សមរម្យ អត្ថប្រយោជន៍ផ្សេងៗ កន្លែងស្នាក់នៅ សាលារៀន ផ្សារ សេវាសុខភាព ។ល៕