ព្រះរាជក្រឹត្យ លើកលែងទោសដល់ទណ្ឌិត ម្តាយកីឡាប្រដាល់អេ ភូថង
ភ្នំពេញ៖ ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ទណ្ឌិតជាស្ត្រីឈ្មោះ អ៊ុត អន ហៅអាត អុន ម្តាយកីឡាប្រដាល់ខ្មែរ អេ ភូថង ដែលកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរ ស្ថិតក្នុងដំណាក់កាលចុងក្រោយ ។ ម្តាយកីឡាប្រដាល់ខ្មែរ អេ ភូថង ត្រូវផ្តន្ទាទោស ឲ្យពន្ធនាគារ ករណីជួញដូរមនុស្សសម្រាប់ឆ្លងដែន ។
ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្ងៃនេះទណ្ឌិតជាស្ត្រីឈ្មោះ អ៊ុត អន ដែលកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ទទួលបាននូវការលើកលែងទោសពីព្រះមហាក្សត្រ៖ តាមរយៈការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គសមក កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំដោយផ្ទាល់ទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់នូវការលើកលែងទោស ដល់ស្ត្រីមួយរូបឈ្មោះ អ៊ុត អន អាយុ ៥៨ឆ្នាំ ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ម២ ផ្អែកលើគោលការណ៍មនុស្សធម៌ ដោយស្ត្រីរូបនេះ បច្ចុប្បន្នកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ។
តាមរយៈការចុះពិនិត្យ និងជួបផ្ទាល់ ជាមួយស្ត្រីរូបនេះ នៅមណ្ឌលអប់រំកែប្រទី២ ម២ ក្រុមការងារ គសមក សង្កេតឃើញថា ស្ថានភាពជំងឺរបស់ស្ត្រីជាប់ឃុំរូបនេះ ពិតជាធ្ងន់ធ្ងរ ដូចការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារមែន ហើយករណីស្ត្រីនេះ ក៏មានសាលដីការសា្ថពរ ចេញដោយសាលាឧទ្ធរណ៍រួចហើយដែរ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ផ្តន្ទាទោស ៨ឆ្នាំ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបានឃុំខ្លួនតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មកម្លះ ដូច្នេះការអនុវត្តទោស ក្នុងពន្ធនាគារ នៅសល់ប្រហែលជា៣ខែទៀតប៉ុណ្ណោះ ដោយគិតពីថ្ងៃឃុំខ្លួន។
ការស្នើត្រង់ដោយផ្ទាល់ទៅសម្តេចតេជោ ក្នុងករណីនេះ គឺដើម្បីផ្តល់ឱកាសដល់ស្ត្រីជាប់ឃុំរូបនេះ ឆាប់បានចេញពីពន្ធនាគារ និងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិ សម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយរបស់គាត់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំណរអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រែទី២ ម២ ដែលបានផ្តល់នូវកិច្ចសហការក្នុងកិច្ចអន្តរាគមន៍ ផ្នែកមនុស្សធម៌នេះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សូមគោរពថ្លែងអំណរគុណ ជាអនេកជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកាយវិការ និងទឹកចិត្តមនុស្សធម៌ ដែលជាមហាករុណាទិគុណ ដ៏ជ្រាលជ្រៅបំផុតរកអ្វីប្រៀបប្រដូចពុំបាន ដែលសម្តេច តែងតែមានចំពោះជនគ្រប់រូប និងជាពិសេសការយកចិត្តទុកដាក់ និងគាំទ្រដោយផ្ទាល់របស់សម្តេច ដល់ការងារនិងបេសកកម្ម របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕